ដោយវុត្ថា
ភ្នំពេញៈ ការផ្លាស់ប្តូរនិន្នាការសេដ្ឋកិច្ចសង្គម បានជំរុញឲ្យរដ្ឋាភិបាលផ្លាស់ប្តូរឈ្មោះច្ចសង្គម បានជំរុញឲចសង្គម បានជំរុញឲឲ្យរដ្ឋាភិបាលក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាឈ្មោះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ការផ្លាស់ប្តូរនេះ ក៏ធ្វើឡើងឲ្យស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏ដូចជារបបគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសកល និងដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបបគំហើញផ្សេងៗ(នវានុវត្តន៍) របស់កម្ពុជាទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជម្រុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រឲ្យមានការរីកចម្រើន និងជម្រុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០។
យោងតាមឯកសារផ្ទៃក្នុងរបស់ក្រសួង ដែលបានដាក់ពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៧ កុម្ភៈនេះបានឲ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាច្រើនគួរឲ្យកត់សំគាល់ និងប្រកបដោយមោទនភាព ដែលបានផ្តល់ផលជាការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជនឲ្យកាន់តែប្រសើរឡើង ទាំងខាងផ្នែកសម្ភារៈ និងស្មារតី តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតការងារជូនប្រជាជន ការធានាសមធម៌សង្គម និងការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ។ជាការពិតណាស់ វិស័យឧស្សាហកម្ម គឺជាកម្លាំងចលករមួយដែលមិនអាចខ្វះបានក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់។
ការអភិវឌ្ឍន៍វិស័យនេះ គឺជាឧបករណ៍គោលនយោបាយប្រកប ដោយប្រសិទ្ធភាព សម្រាប់ការតភ្ជាប់រវាងសេដ្ឋកិច្ចសំខាន់ៗ ដែលជាឃ្នាស់ជម្រុញកំណើន និងបង្កើតការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម ដែលធ្វើឲ្យផលិតភាពកើនឡើង និងមានចំណូលខ្ពស់ជាងមុន ក្នុងដំណាក់កាលដែលកម្ពុជាកំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។
វិស័យឧស្សាហកម្ម ក៏បានរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ផលិតភាព តាមរយៈការវិនិយោគ និងការប្រើប្រាស់ ការផ្លាស់ប្ដូរបច្ចេកវិទ្យាថ្មីៗ។ ស្របពេលដែលពិភពលោកបានដើរមកដល់របត់ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស ដែលពាក់ព័ន្ធជិតស្និតទៅនឹងផ្នែកវិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាសកល កម្ពុជាត្រូវការជាចាំបាច់នូវយន្តការគ្រប់គ្រងមួយច្បាស់លាស់លើរបបថ្មីនេះ ធ្វើយ៉ាងណាធានាឲ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាព និងការប្រកួតប្រជែងខ្ពស់ សំដៅធ្វើឲ្យកម្ពុជាសម្រេចបាននៅចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕






