ដោយវុត្ថា
ភ្នំពេញៈ បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងដែលគួឲ្យកត់សម្គាល់ ហើយបញ្ហាពាក់ព័ន្ធនឹងការការផ្ទេរកម្មសិទ្ធិ លើអចលនទ្រព្យ ក៏បានចោទជាបញ្ហាឡើងផងដែរ។
យោងតាមមាត្រា១៣៥ នៃក្រមរដ្ឋប្បវេណីបញ្ញត្តិថា ការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការព្រមព្រៀង មិនមានអានុភាពនោះ ទេបើមិនបានចុះបញ្ជីដោយយោងតាមបទបញ្ញត្តិស្តីការចុះបញ្ជី ។ពោលគឺ ដើម្បីអាចចាត់ចែងផ្ទេរកម្មសិទ្ធិបាន លុះត្រាតែគូភាគីត្រូវទៅបំពេញទម្រង់បែបបទ ដែលហៅថាទម្រង់លិខិតលក់ផ្តាច់ នៅរដ្ឋបាលសុរិយោដី និងផ្តិតស្នាមមេដៃនៅចំពោះមុខមន្រ្តី មានសមត្ថកិច្ចនៃអង្គភាពសុរិយោដី ដែលអចលនវត្ថុស្ថិតនៅ ។
ឯកសារចាំបាច់ដើម្បីដំណើរការផ្ទេរសិទ្ធិនៃកម្មសិទ្ធិរួមមាន៖
១៖ ពាក្យសុំចុះបញ្ជី (ច្បាប់ដើម) ចំនួន០២ (ពីរ)ច្បាប់
២៖ កិច្ចសន្យាទិញលក់ធ្វើដោយលិខិតយថាភូត ។ បើពុំមានកិច្ចសន្យាទិញលក់ដោយលិខិតយថាភូតទេ គូភាគីត្រូវមានសាក្សី០២ (ពីរ)នាក់ អមជាមួយហើយអាចស្នើសុំឲ្យមន្រ្តីសុរិយោដីជួយរៀបចំ ដើម្បីធ្វើនីតិវិធីនៃការចុះបញ្ជីផ្ទេរបាន (ច្បាប់ដើម) ចំនួន០២ (ពីរ)ច្បាប់។
៣៖ កិច្ចសន្យាហាមមិនឲ្យបែងចែកអចលនវត្ថុអវិភាគ ក្នុងករណីជាទ្រព្យអវិភាគ ហើយពាក្យសុំចុះបញ្ជីអំពី កិច្ចសន្យាហាមមិនឲ្យបែងចែក អចលនវត្ថុអវិភាគ ត្រូវបានធ្វើឡើងព្រមគ្នាជាមួយពាក្យសុំចុះបញ្ជីផ្ទេរ (ច្បាប់ដើម)ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថតចម្លងដែលបានធ្វើនីត្យានុកូលកម្មចំនួន០២ (ពីរ)ច្បាប់។
៤៖ ឯកសារបញ្ជាក់ការទទួលបាន ការអនុញ្ញាតពីតុលាការ ក្នុងករណីអចលនវត្ថុដែលជា កម្មវត្ថុនៃការលក់ទិញជារបស់អនីតិជន ជនស្ថិតនៅក្រោមអាណាព្យាបាលទូទៅ ឬជននៅក្រោមហិតូបត្ថម្ភ ហើយកំពុងប្រើប្រាស់លំនៅឋានរបស់ជននោះ (ច្បាប់ដើម ឬច្បាប់ថតចម្លងដែលបានធ្វើនីត្យានុកូលកម្ម)។
៥៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៣ (បី)ច្បាប់ របស់បុគ្គលដាក់ពាក្យសុំចុះបញ្ជី៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន (បើជារូបវន្តបុគ្គល) លក្ខន្តិកៈ និងឯកសារបញ្ជាក់ការចុះបញ្ជី (បើជានីតិបុគ្គល) ឬឯកសារផ្សេងទៀត (ច្បាប់ចម្លងដែលបានធ្វើនីត្យានុកូលកម្ម លើកលែងតែសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតដែលត្រូវយកច្បាប់ដើម) ចំនួន០៣ (បី)ច្បាប់។
៦៖ ឯកសារបញ្ជាក់ទ្រព្យសម្បត្តិរបស់បុគ្គលមានសិទ្ធិចុះបញ្ជី ដែលជារូបវន្តបុគ្គល៖
- បើជាទ្រព្យរួមប្តី ប្រពន្ធត្រូវមាន៖ សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពា៍ពិពាហ៍ កិច្ចសន្យាទ្រព្យសម្បត្តិប្តី ប្រពន្ធ (ប្រសិនបើមាន)។
- បើជាទ្រព្យដោយឡែក៖ ឯកសារបញ្ជាក់អំពីស្ថានភាពស៊ីវិល (សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ ឬលិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយ ឬសេចក្តីសម្រេចរបស់តុលាការអំពីអវត្តមាន ឬការបាត់ខ្លួនរបស់សហព័ទ្ធម្ខាងទៀត) (កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ (ប្រសិនបើមាន)ឬឯកសារបញ្ជាក់ពីការទទួលបានទ្រព្យសម្បត្តិ នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ឬទទួលបានពីការបែងចែកទ្រព្យសម្បត្តិដោយឡែកជាអាទិ៍។
- ឯកសារបញ្ជាក់ពីចំណែករបស់ម្ចាស់សិទ្ធិម្នាក់ៗ (ប្រសិនបើមាន) ក្នុងករណីទ្រព្យនោះជាកម្មសិទ្ធិអវិភាគ។
៧៖ ឯកសារបញ្ជាក់ពីសិទ្ធិតំណាងរបស់អភិបាល តំណាងឲ្យនីតិបុគ្គល ក្នុងករណីអ្នកដាក់ពាក្យសុំចុះបញ្ជីជានីតិបុគ្គល (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថតចម្លងដែលបានធ្វើនីត្យានុកូលកម្មចំនួន០២ (ពីរ)ច្បាប់។
៨៖ ឯកសារបញ្ជាក់សិទ្ធិតំណាងក្នុងករណី អ្នកដាក់ពាក្យសុំចុះបញ្ជីជាជន នៅក្រោមអ្នកតំណាងដែលកំណត់ដោយច្បាប់ (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថតចម្លងដែលបានធ្វើនីត្យានុកូលកម្មចំនួន០២ (ពីរ)ច្បាប់។
៩៖ ឯកសារប្រគល់សិទ្ធិតំណាងក្នុងករណី ពាក្យសុំចុះបញ្ជីធ្វើឡើងដោយអ្នកតំណាងដោយអាណត្តិ (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថតចម្លងដែលបានធ្វើនីត្យានុកូលកម្មចំនួន០២ (ពីរ)ច្បាប់។
១០៖ ប័ណ្ណអចលនវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញ (ច្បាប់ដើម)។
នៅពេលដំណាក់កាល នៃការបំពេញបែបបទ និងនីតិវិធីនៃការស្នើសុំធ្វើលទ្ធកម្ម(ផ្ទេរ) កម្មសិទ្ធិនៅរដ្ឋបាលសុរិយោដី ហើយមន្រ្តីមានសមត្ថកិច្ចនៃ អង្គភាពសុរិយោដីបានពិនិត្យចប់សព្វគ្រប់រួចរាល់ អំពីភាពច្បាស់លាស់នៃអចលនវត្ថុ ដែលជាកម្មវត្ថុនៃការផ្ទេរកម្មសិទ្ធិ ក៏ដូចជាអត្តសញ្ញាណរបស់គូភាគីរួចរាល់ ពេលនោះរដ្ឋបាលសុរិយោដីនឹង ជូនដំណឹងអំពីការបង់ពន្ធប្រថាប់ត្រាចំនួន៤% ដែលធ្វើការវាយតម្លៃដោយ មន្រ្តីបច្ចេកទេសរបស់អគ្គនាយកដ្ឋានពន្ធដារ។
ក្រោយពីបានបំពេញកាតព្វកិច្ច បង់ពន្ធប្រថាប់ចំនួន៤%រួចរាល់ ពេលនោះរដ្ឋបាលសុរិយោដី នឹងបញ្ចប់នីតិវិធីនៃការផ្ទេរកម្មសិទ្ធិពីអ្នកលក់ទៅឲ្យអ្នកទិញ ដោយធ្វើការចុះបញ្ជីផ្ទេរកម្មសិទ្ធិនេះ ក្នុងកំណត់ត្រាផ្លូវការ និងចារនិទ្ទេសសម្គាល់នូវការផ្ទេរកម្មសិទ្ធិ លើប័ណ្ណកម្មសិទ្ធិដែលជានីតិវិធីចុងក្រោយ នៃការបញ្ចប់ការផ្ទេរកម្មសិទ្ធិជាស្ថាពរ និងស្របតាមនីតិច្បាប់៕