ធនាគារពិភពលោកៈ ប្រទេសកម្ពុជាគឺជាប្រទេសមានការរីកចម្រើនយ៉ាង ឆាប់រហ័សលើពិភពលោក

0

ដោយ ប៊ី

ភ្នំពេញៈ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ប្រទេសកម្ពុជាគឺជាប្រទេស ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក ខណៈសេដ្ឋកិច្ចសាកលកំពុងធ្លាក់ចុះ។

យោងតាមរបាយការណ៍សិក្សាធនាគារពិភពលោកបានបង្ហាញថា ទោះបីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងធ្លាក់ចុះមកត្រឹម៧ភាគរយ នៅក្នុងឆ្នាំ ២០២០នេះក៏ដោយ ក៏ប្រទេសនេះនៅតែជាប្រទេស មានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

លើសពីនេះទៀត កំណើននៃការនាំចេញរបស់ខ្លួន បានបន្តកើនឡើងដដែល ទោះបីជាមានការថយចុះបន្តិច ដោយសារតែតម្រូវការខាងក្រៅធ្លាក់ចុះ។

នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារសំខាន់ជាងមុន សម្រាប់ការនាំចេញរបស់កម្ពុជា ដែលទំហំនៃការនាំចេញពីកម្ពុជា ទៅសហរដ្ឋអាមេរិក បានកើនឡើង២៣,២ភាគរយនៅក្នុងឆ្នាំ ២០១៨ បើប្រៀបធៀបទៅនឹង២១,៤ ភាគរយនៅក្នុងឆ្នាំ២០១៧ ។

ទន្ទឹមនឹងនេះដែរ តម្លៃនាំចេញសរុបរបស់ប្រទេស ទៅកាន់សហភាពអឺរ៉ុប (EU) បានកើនឡើង៣១,៤ ភាគរយក្នុងឆ្នាំ ២០១៨ ។

លោក Claire Hollweg សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជា បានចង្អុលបង្ហាញថា សកម្មភាពក្នុងវិស័យសំណង់របស់ប្រទេសនេះ កំពុងបន្តមានកំណើន ដោយសារតែតម្រូវការក្នុងស្រុក និងរលកនៃការវិនិយោគបរទេស។

វិស័យទេសចរណ៍ក៏មានការរីកចម្រើនផងដែរ។ ទោះយ៉ាងណា វិស័យទេសចរណ៍នៅខេត្តសៀមរាប នឹងត្រូវការការជំរុញបន្ថែមទៀត ខណៈដែលខេត្តនេះកំពុងមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍បរទេស។

លក្ខខណ្ឌអាកាសធាតុមិនអំណោយផល បានធ្វើឱ្យប៉ះពាល់ដល់ផលិតភាពស្រូវផងដែរ។ វិស័យបសុសត្វ (គោក្របី និងជ្រូក) បានធ្លាក់ចុះ៦,៣ ភាគរយផងដែរ។

ធនាគារពិភពលោកបានព្យាករណ៍ថា នៅឆ្នាំ២០២០ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែមានភាពរឹងមាំ ដោយសារប្រាក់បំរុងបរទេសខ្ពស់ និងការសន្សំរបស់រដ្ឋាភិបាលច្រើនជាង២០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

ទោះយ៉ាងណា របាយការណ៍នេះ ក៏បានចង្អុលបង្ហាញពីការធ្លាក់ចុះនៃវិស័យដូចជាសំណង់ កាត់ដេរ និងទេសចរណ៍នៅឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here