កម្ពុជាត្រៀមស្នើថៃឱ្យបើកច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ដើម្បីសម្រួលដល់សេដ្ឋកិច្ចជាតិ

0

ដោយ ហ្សូលី

បន្ទាយមានជ័យ៖ កម្ពុជាត្រៀមស្នើដល់ភាគីប្រទេសថៃក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់បានណងអៀន ជាបណ្តោះអាសន្ន ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសម្រួលដល់ចរាចរណ៍ទំនិញ។

នេះជាការលើកឡើងរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ នៅពេលអញ្ជើញចុះទៅត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជាថៃ ច្រកព្រំដែនអន្តរជាតិស្ទឹងបត់បានណងអៀន និងការដ្ឋានអគាររដ្ឋបាល។

រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូនរូបនេះ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថាគម្រោងស្នើសុំទៅកាន់ខាងភាគីថៃក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់បានណងអៀន ជាបណ្តោះអាសន្ននេះ គោលបំណងធំនោះគឺ ចង់ជួយសម្រួលនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការផ្លាស់ប្តូរធុរកិច្ចរវាងប្រទេសទាំងពីរ

បន្ថែមពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបន្តថាលើសពីនេះ គឺដើម្បីជួយសម្រួលដល់ចរាចរណ៍របស់រថយន្តដឹកទំនិញដែលឆ្លងកាត់រវាងប្រទេសកម្ពុជា និងថៃ ព្រមទាំងជួយកាត់បន្ថយការកកស្ទះមួយចំនួននៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ការបើកច្រកព្រំដែនអន្តរជាតិត្រង់ចំណុច ស្ទឹងបត់បានណងអៀននេះនឹងបង្កើនកាលានុវត្តភាពដល់កិច្ចសហប្រតិបត្តិការអន្តរជាតិជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្លាយជាតំបន់អភិវឌ្ឍន៍មួយជាមជ្ឈមណ្ឌលស្តុកនិងចែកចាយទំនិញនិងជាតំបន់សេដ្ឋកិច្ចពិសេសដែលបង្កើតសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុកនិងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

មិនតែប៉ុណ្ណោះ ក៏ជួយដល់ការបង្កើតការងារដល់ប្រជាពលរដ្ឋ និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here