ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅពេលបច្ចុប្បន្ននេះ កំណើននៃចំនួនសហគ្រាសខ្នាតតូច និងមធ្យមសរុមប្រមាណ ៥៣ម៉ឺន ដែលកំពុងតែប្រតិបត្តិការយ៉ាងសកម្មនៅក្នុងកម្ពុជា បាន និងកំពុងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងនាមជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ ដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់ និងជំរុញឱ្យវិស័យមួយនេះ កាន់តែមានសក្ដានុពលបន្ថែមទៀត។
ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Federation of Associations for SMEs of Cambodia) ហៅកាត់ថា FASMEC លោកឧកញ៉ា តែ តាំងប៉ បានមានលើកឡើងថា ការជួយជំរុញ និងគាំទ្រលើសកម្មភាពមួយចំនួនទាក់ទងនឹងព័ត៌មានវិទ្យា និងបច្ចេកវិទ្យា នឹងចូលរួមក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យ កម្មន្តសាលរបស់សហគ្រាសធុនតូច និងមធ្យម បោះជំហានទៅមុខស្របទៅតាមការវិវត្តន៍របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលដើរទៅដល់ឧស្សាហកម្ម៤.០គឺជារឿងចាំបាច់។
នៅក្នុងកិច្ចចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង FASMEC និងក្រុមហ៊ុន Metfone នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅការិយាល័យ FASMEC លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា “សព្វថ្ងៃនេះមានសហគ្រាសធុនតូច និងមធ្យមចំនួនជាង ៥៣ម៉ឺនសហគ្រាសកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ហើយឆ្អឹងខ្នង សេដ្ឋកិច្ចប្រទេសកម្ពុជាយើង ពឹងផ្អែកយ៉ាងខ្លាំងលើពួកគេទាំងនោះហើយ ប៉ុន្តែសហគ្រាសធុនតូច និងមធ្យមទាំងនោះកំពុងតែជួបប្រទះបញ្ហាជាច្រើន ដូចជាបញ្ហាទីផ្សារ បញ្ហាហិរញ្ញវត្ថុ បញ្ហាបច្ចេកទេស ក៏ដូចជាបញ្ហា សហគ្រិនភាពផងដែរ ដែលជាចំណុចទន់ខ្សោយរបស់ពួកគាត់”។
កន្លងមកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានបង្កើតកម្មវិធីជាច្រើនជាមួយដៃគូសហការ ក៏ដូចជា ក្រសួងពាក់ព័ន្ធនានា ដើម្បីជំរុញវិស័យសហគ្រាស ធុនតូច និងមធ្យម ក៏ប៉ុន្តែនៅតែមានចំណុចជាច្រើនទៀត ដែលយើងត្រូវការដៃគូសហការដើម្បីជំរុញក៏ដូចជារកដំណោះស្រាយបន្ថែមទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ។ អ្វីដែលជាទីចាប់ អារម្មណ៍ជាងគេនោះគឺ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាភាគច្រើនចំណេះដឹងផ្នែកពត៌មានវិទ្យា និងបច្ចេកវិទ្យានៅមានកម្រិត ដែលនេះជាកត្តាចម្បងមួយធ្វើឱ្យអាជីវកម្មរបស់ពួកគាត់ ដើរមិនទាន់សម័យកាល និងការវិវត្តន៍របស់ពិភពលោកនាពេលបច្ចុប្បន្ន។
លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ទៀតថា តាមរយៈការចុះហត្ថលេខារវាង FASMEC ជាមួយក្រុមហ៊ុន Metfone នឹងជួយជំរុញគាំទ្រលើសកម្មភាពមួយចំនួនទាក់ទងនឹងព័ត៌មានវិទ្យា និងបច្ចេកវិទ្យា គាំទ្រដល់ការអភិវឌ្ឍន៍វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម ស្របទៅតាមការវិវត្តន៍របស់ពិភពលោកបច្ចុប្បន្ន ដែលដើរទៅដល់ឧស្សាហកម្ម៤.០។ ការចុះហត្ថលេខានេះ តទៅ FASMEC និងមានកម្លាំងចលករបន្ថែមថ្មីមួយទៀត ដើម្បីធ្វើការងារក្នុងវិស័យឯកជន កសាកសមិទ្ធិផល ជូនជាតិ តាមរយៈការសហការជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យមានការ ប្រកួតប្រជែងជាអន្តរជាតិ។
លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានឱ្យដឹងដែរថា វាជាកិត្តិយសណាស់ដែលក្រុមហ៊ុនមិត្តហ្វូនបានរួមបញ្ចូលជាមួយ SME ដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយវានឹងជួយសង្គមធុរកិច្ចទាំងអស់មានការអភិវឌ្ឍនិងរីកចម្រើន។ លោកបញ្ជាក់ថា ក្រុមហ៊ុនមិត្តហ្វូន នឹងផ្តល់នូវសេវាកម្ម នឹងអត្ថប្រយោជន៍ឥតគិតថ្លៃជូនគ្រប់សមាជិក FASMEC ជាច្រើនរួមមានដូចជា ការបញ្ចុះតម្លៃ ៥ភាគរយលើសេវាកម្ម eConnect ការបញ្ចុះតម្លៃ ៥ភាគរយលើសេវាកម្មអ៊ីនធឺណែត ការផ្តល់ជូន SIM ដោយមិនគិតថ្លៃ រួមជាមួយនឹងការផ្តល់ជូននួវភាពងាយស្រួលជាច្រើនទៀត ៕






