ដោយ ហ្សូលី
វៀតណាម៖ ការនាំចេញទំនិញរបស់វៀតណាមកំពុងមានការធ្លាក់ចុះដ៏ធ្ងន់ធ្ងរដែលបណ្តាលឱ្យខាតបង់ទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ ដែលនេះជាការខាតបង់ដ៏ធំធេងនិងប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាមជាខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express International ចេញផ្សាយកាលពីថ្មីៗនេះ។
លោក ផាន់ វ៉ាន់ ជិន ប្រធានទីភ្នាក់ងារពាណិជ្ជកម្មបរទេសក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបាននិយាយនៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនថា “ប្រសិនបើការរីករាលដាលនៃវីរុសកូរ៉ូណាមានក្នុងរយៈពេលបីខែនោះ ការខូចខាតដល់ការនាំចេញកសិកម្មទៅប្រទេសចិនអាចមានចំនួនប្រមាណ ៤០០-៦០០ លានដុល្លារ។ ហើយប្រសិនបើវាប្រើពេលយូរជាងនេះទៀត តួលេខអាចកើនឡើងដល់ ៦០០-៨០០ លានដុល្លារ។” មន្រ្តីជំនាញសេដ្ឋកិច្ចប៉ាន់ស្មានថា នេះគឺជាផលប៉ះពាល់សេដ្ឋកិច្ចជាតិដែលមិនអាចមើលរំលងបាន ព្រោះថាវៀតណាមពឹងផ្អែកនៅលើការនាំចេញទំនិញកសិកម្មទៅកាន់មហាអំណាចចិន។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Tran Tuan Anh បានមានប្រសាសន៍ថា មេរោគកូរ៉ូណាទំនងជានឹងបង្កការខូចខាតយ៉ាងធំធេងលើពាណិជ្ជកម្មជាមួយប្រទេសចិន ដែលជាអ្នកទិញផលិតផលកសិកម្មធំបំផុតរបស់វៀតណាមកាលពីឆ្នាំមុន ហើយទាំងដំណោះស្រាយរយៈពេលខ្លីនិងរយៈពេលវែងគឺចាំបាច់ខ្លាំងដើម្បីដោះស្រាយបញ្ហានេះ។
ក្រសួងផែនការនិងការវិនិយោគបានប៉ាន់ស្មានមុនថា ការនាំចេញត្រីមាសទី ១ របស់វៀតណាមអាចនឹងធ្លាក់ចុះជាង ២០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដោយការនាំចេញទៅកាន់ប្រទេសចិនធ្លាក់ចុះ ២៥ ភាគរយ។ ប៉ុន្តែប្រសិនបើវាអូសបន្លាយដល់ត្រីមាសទី ២ ការនាំចេញទៅកាន់ប្រទេសចិនអាចនឹងធ្លាក់ចុះរហូតដល់ទៅ៥៦ ភាគរយ។
ទោះយ៉ាងណាមន្ត្រីនិងអាជីវករនៅតែមានការព្រួយបារម្ភថា ផ្លែឈើដូចជាផ្លែស្វាយនឹងប្រឈមបញ្ហាដដែលប្រសិនបើចិននៅតែបន្តកំណត់សកម្មភាពពាណិជ្ជកម្ម។ ហើយប្រទេសវៀតណាមត្រូវតែស្វែងរកទីផ្សារថ្មីក្នុងពេលឆាប់ៗនេះសម្រាប់ផ្លែឈើទាំងនេះភ្លាមៗ។
យោងទៅតាមទិន្នន័យពីភ្នាក់ងាយគយប្រទេសវៀតណាមបានឱ្យដឹងថា ប្រទេសចិនគឺជាទីផ្សារនាំចេញធំបំផុតទី ៣ របស់ប្រទេសវៀតណាមកាលពីឆ្នាំមុនដោយមានតម្លៃ ៤១,៤ ពាន់លានដុល្លារ កើនឡើង ០,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕






