សម្តេចតេជោ៖ មន្រី្ត KOICA នឹងមកចុះសិក្សាសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅឆ្នាំនេះ

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យដឹងថា មន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) នឹងមកសិក្សាសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងឆ្នាំ ២០២០ នេះ ខណៈសម្តេចតេជោ បានស្នើដល់ប្រធានាធិបតីកូរ៉េរួចហើយឱ្យពិចារណាឱ្យសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋាន “គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និង២២” នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០នេះ ថា ក្រុមមន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា KOICA នឹងកាន់កម្ពុជានៅខែកុម្ភៈនេះត្រូវណែនាំឱ្យពួកគាត់ទៅមើលទីតាំងជាក់ស្តែងនៃការសាងសង់ស្ពានឆ្លងកាន់ទន្លេមមេគង្គដើម្បីសិក្សា។

សម្តេចតេជោថា តំបន់ត្រើយខាងកើតនាពេលបច្ចុប្បន្ននេះ កំពុងមានសក្តានុពលខ្ពស់ ព្រោះវាតំបន់ទីក្រុងរណប និងកំពុងមានការអភិវឌ្ឍន៍ដែលទាមទាឱ្យមានការសាងសង់ស្ពាននេះជាការចាំបាច់។ សម្តេចតេជោថា ស្ពាននេះ មានតម្លៃក្នុងរង្វង់ប្រមាន ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ ខណៈដែលរដ្ឋភិបាលកូរ៉េបានត្រៀមលុយឱ្យរដ្ឋាភិបាលកម្ពុជាខ្ចី ប្រមាណ ៧០០ លានដុល្លារអាមេរិក សម្រាប់យកមកអភិវឌ្ឍន៍កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូន ជេអ៊ីនកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក បានស្នើដល់រដ្ឋាភិបាលកូរ៉េខាងត្បូងពិជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅកម្ពុជា ដូចគ្នាទៅនឹងស្ពានជំនួយរបស់រដ្ឋាភិបាលចិន និងជប៉ុននៅពេលបច្ចុប្បន្ននេះ។

សម្តេចតេជោចង់ឃើញបែបនេះ ដោយសារតែប្រទេសចិន ជប៉ុន បានជួយសាងសង់ស្ពាននៅក្នុងប្រទេសកម្ពុជា ហើយសម្តេចក៏ចង់ឃើញស្ពាន ដែលធ្វើដោយប្រទេសកូរ៉េ នៅប្រទេសកម្ពុជាផងដែរ ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គ។ ក្នុងន័យនេះសម្តេច ក៏បានស្នើឱ្យកូរ៉េពិចារណាក្នុងការសាងសង់ស្ពាន នៅពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here