ដោយវុត្ថា
ខេត្តសៀមរាប៖ អភិបាលភិបាលរងខេត្តសៀមរាបបានអះអាងថា ស្រុកសូទ្រនិគមនឹងមានការអភិវឌ្ឍ និងប្រែមុខមាត់ថ្មីថែមទៀតនៅពេលខាងមុខ ខណៈពេលសហគមន៍ទេសចរណ៍ និងព្រលានយន្តហោះអន្តរជាតិថ្មី នឹងលេចរូបរាងឡើងនៅពេលខាងមុខនេះ ។

លោកស្រី យូ សុភា អភិបាល រងខេត្តសៀមរាប មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសូទ្រនិគមកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះឱ្យដឹងថា ស្រុកសូទ្រនិគម ជាស្រុកមួយមានសំណាងជាងគេ ក្នុងចំណោមស្រុកទាំង១១នៅខេត្តសៀមរាប ដោយសារតែស្រុកនេះជាទីតាំងនៃអាកាស យានដ្ឋានអន្តរជាតិថ្មី ដែលនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
លោកស្រីបន្តថា ដូច្នេះការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ តិចឬច្រើនពួកគាត់នឹងឈប់ទស្សនានៅតាមតំបន់មួយចំនួននៃស្រុក រួមទាំងការទិញនូវផលិតដែលជាផលិតផលរបស់ស្រុក ហើយចំណូលដែលបានមកពីការលក់លទ្ធផលទាំងអស់នោះ មួយផ្នែកធំនឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ឲ្យកាន់តែប្រសើរឡើង ។

លោកស្រី យូ សុភា បន្តទៀតថា ស្រុកសូទ្រនិគមនេះក៏មានសហគមន៍ព្រៃឈើមួយផងដែរនៅឃុំខ្នារពោធិ ដែលបង្កើតជាព្រៃកោងកាងទឹកសាប រួមជាមួយសត្វដំរីដែលបាននាំយកមកពីរមណីយដ្ឋានអង្គរ បានធ្វើឲ្យតំបន់នេះជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនាកំសាន្ត។
លោកស្រីបន្ថែមថា ពិសេសសហគមន៍នេះក៏បានបង្កើតឲ្យមានជារទេះគោដឹកភ្ញៀវទេសចរណ៍កម្សាន្តផងដែរ ប៉ុន្តែប្រការសំខាន់សូមឲ្យរៀបចំតុបតែង និងកែលម្អរទេះឲ្យបានមាំទាំនិងស្រស់ស្អាតតាមលក្ខណៈប្រពៃណីពីបុរាណប៉ុន្តែត្រូវបង្វឹកសត្វពាហនៈឱ្យមានភាពស៊ាំទៅនឹងមនុស្សព្រោះជាវាងភាពភ្ញាក់ផ្អើលរបស់សត្វដែលនាំឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ដូច្នេះតាមរយៈនៃការចួលទស្សនារបស់ភ្ញៀវទាំងនោះ នឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅក្នុងឃុំខ្នារពោធិ៍មានការរីកចម្រើនផងដែរ ។
លោកស្រីអភិបាលរងខេត្តសៀមរាប មានប្រសាសន៍ទៀតថា កាលពីម្សិលមិញលោកស្រីបាននាំប្រធានសមាគមអ្នកវិនិយោគអូសាកាមកពីប្រទេសជប៉ុនមកទស្សនាតំបន់សហគមន៍ព្រៃឈើឃុំខ្នារពោធិនេះផងដែរ ដើម្បីរកទីតាំងដីសម្រាប់ដាំដើមមនចិញ្ចឹមនាង ព្រោះថាសមាគមនេះមាន បំណងចង់វិនិយោគលើផលិតផលឡេលាបខ្លួនដែលចំរាញ់ពីវត្ថុធាតុដើមពីសំបុកដង្កូវនាង ដូច្នេះប្រសិនបើមានដីសម្រាប់សមាគមនេះ បោះទីតាំងនៅតំបន់នេះបង្កើតជារោងចក្របាននោះ វាគឺជាឱកាសមួយដ៏ប្រសើរបំផុត ដែលបង្កើនការងារថ្មីដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ។
លោកស្រី យូ សុភា បន្ថែមទៀតថា ផ្ដើមចេញពីអ្វីដែលនឹងលេចជារូបរាងនៅពេលខាងមុខនេះថ្ងៃក្រោយស្រុកសូទ្រនិគមនេះ នឹងមានការអភិវឌ្ឍកាន់តែធំជាងនេះហើយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកនេះកាន់តែមានការរីកចម្រើនផងដែរ ។
លោកស្រីបញ្ជាក់ទៀតថាដើម្បីឈោងចាប់យកឱកាសដ៏ល្អនេះបាន គឺផ្ដើមចេញពីមន្ត្រីទាំងអស់ដែលបានរួមបញ្ចូលគ្នានៅក្នុងរចនាសម្ព័ន្ធថ្មីនាពេលនេះ ត្រូវតែរួមសហការគ្នាមានគំនិតច្នៃប្រឌិតក្នុងការអនុវត្ត ព្រមទាំងបង្កើនសមត្ថភាពទាំងចំណេះដឹងនិងចំណេះធ្វើ ពិសេសត្រូវតែបម្រើការពារ និងថែរក្សាអ្វីដែលប្រជាពលរដ្ឋចង់បាន ត្រូវការចាំបាច់ ឲ្យស័ក្តិសមនូវអ្វីដែលពួកគាត់ បានផ្តល់ឲ្យយើង និងគាំទ្រធ្វើជាតំណាងរបស់ពួកគាត់គ្រប់កាលៈទេសៈ ពិសេសត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ៕






