ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ៖ ជិត៥០០ឆ្នាំទើបប្រទេសជាតិកម្ពុជាយើងមានសុខ សន្តិភាព និងការអភិវឌ្ឍន៍

0

ដោយវុត្ថា

ខេត្តត្បូងឃ្មុំៈ ជិត៥០០ឆ្នាំ ទើបប្រទេសជាតិកម្ពុជាមានសុខ សន្តិភាព និងការអភិវឌ្ឍន៍ សុខសាន្តបាន៤១ឆ្នាំកន្លងទៅរហូតដល់សព្វថ្ងៃនេះ ដូច្នេះយើងត្រូវរួមគ្នាជាមួ​យសម្តេចតេជោ ហ៊ុន សែន ការពារថែរក្សាឲ្យបានដាច់ខាត ដោយមិនត្រូវចាញ់បោកជនអគតិ និងបរទេសមួយចំនួនដែលព្យាយាម បំផ្លិចបំផ្លាញស្ថេរភាពនយោបាយ និងសុខសន្តិភាពរបស់ប្រទេសយើងឡើយ។

នេះគឺការលើកឡើងរបស់ លោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ថ្លែងប្រាប់ទៅកាន់ប្រជាពលរដ្ឋ មន្រ្តីរាជការប្រមាណ៣០០០នាក់យ៉ាងដូច្នេះ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឳកាសអញ្ជើញជាអធិបតីភាព សម្ពោធឆ្លងសមិទ្ធិផលនានា ក្នុងវត្តគិរីទក្ខិណារាម ហៅវត្តក្បាលបឹងសេះ ស្ថិតក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកបន្តថា “ប្រទេសជាតិយើងមានការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលកំពុងដើរទន្ទឹមគ្នា ក្នុងនោះរាជរដ្ឋាភិបាលបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាវត្តអារាម សាលារៀន មន្ទីពេទ្យ ផ្លូវ ស្ពាន តបណ្តាញអគ្គីសនីជាដើម ។ល។ ដើម្បីសម្រួលដល់ការប្រតិបត្តិជំនឿ ការរស់នៅ និងបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ”។

លោកឧបនាយករដ្ឋមន្រីបន្តថា តែទោះជាយ៉ាងណា ក៏នៅតែមានជនអគតិមួយចំនួនតូច និងបទេសមួយចំនួនផងនោះ បានព្យាយាមម្តងហើយម្តងទៀតបង្កចលាចលបំផ្លិចបំផ្លាញសុខសន្តិភាព ពោលគឺពួកគេមិនចង់ឃើញប្រជាជនកម្ពុជា យើងរស់នៅ មានសេចក្តីសុខក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះឡើយ ។ ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នា ប្រឆាំងជនក្បត់ជាតិទាំងនោះ ដើម្បីថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាត។

លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លាសវៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ដឹកនាំកម្ពុជាពោរពេញដោយភាពរីកចម្រើន និងសុខសន្តិភាពពេញលេញ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈដោយ មិនប្រកាន់និន្នាការនយោបាយ ឬជំនឿសាសនាអ្វីនោះឡើយ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា យើងមើលឃើញហើយថា ប្រទេសកម្ពុជាមានប្រជាជនប្រតិបត្តិសាសនាជាច្រើន តាមជំនឿរៀងៗខ្លួន ដូចជាសាសនាព្រះពុទ្ធ សា​សនាឥស្លាម និងសាសនាគ្រឹះជាដើម តែយើងអាចរស់នៅសុខដុមជាមួយគ្នាបានយ៉ាងល្អ ។ អ្វីដែលសំខាន់ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ជំនឿសាសនាបែបនេះ ដោយពឹងផ្អែកលើការផ្តល់សេចក្តីទុករបស់ប្រជាជនទូទាំងប្រទេស ដូច្នេះឯកឧត្តមបានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយបន្តជឿជាក់បោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិគ្រប់ៗអាណត្តិតរៀងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here