រដ្ឋាភិបាលចំណាយថវិកាប្រមាណ៩០លានដុល្លារ វិនិយោគលើវិស័យTVET រយៈពេល៥ឆ្នាំ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលបានគ្រោងចំណាយថវិកា សម្រាប់មូលនិធិចំនួន៨៨,២៣ លានដុល្លារ ដើម្បីធ្វើការវិនិយោគទៅលើវិស័យTVET រួមមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ក្នុងការអនុវត្តគម្រោងរយៈពេល៥ឆ្នាំ (២០១៩ -២០២៤ ) ក្រោមថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

ជាយន្តការដើម្បីជួយជ្រោមជ្រែង ក្នុងការផលិតនូវធនធានមនុស្សឱ្យចំគោលដៅ និងទទួលបានទិន្នផលខ្ពស់ ទីភ្នាក់ងារអនុវត្តគម្រោង រួមមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សួនបច្ចេកទេសវិជ្ជាជីវៈភ្នំពេញ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេ​ជោ​សែនស្វាយរៀង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងវិទ្យាស្ថានជាតិពហុបច្ចេកទេស អង្គរ) ក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ) ការវិនិយោគនេះទៀតសោត ផ្តោតទៅលើ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ដូចជា អគារសិក្សា អន្តេវាសិកដ្ឋាន រោងជាង ឧបករណ៍ សម្ភារបរិក្ខារ ការអភិវឌ្ឍសមត្ថភាពបុគ្គលិក គ្រូ ព្រមទាំងថវិកាបណ្តុះបណ្តាល និងគាំទ្រសកម្មភាពផ្សេងៗទៀត។

ទន្ទឹមនឹងនេះ គម្រោងនឹងធ្វើការប្រែក្លាយគ្រឹះស្ថាន និងអង្គភាពអនុវត្តគម្រោងទៅជាអង្គភាពឈានមុខនៅកម្ពុជា ដែលនឹងផលិតបាននូវអ្នកបច្ចេកទេសប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងវិស័យអាទិភាព ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ឬការផ្លាស់ប្តូរនៃបច្ចេកវិទ្យាឥតឈប់ឈរ ក៏ដូចជា ការចូលរួមកិច្ចសហការពីវិស័យឯកជនលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

មានប្រសាសន៍ក្នុងពិធីប្រកាសបើកកម្មវិធីស្តីពី “ការអនុវត្តគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង” កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោងផងដែរនោះ បានលើកឡើងថា តាមរយៈគម្រោងនេះ នឹងចូលរួមពង្រឹងគុណភាពនៃការផ្គត់ផ្គង់កម្លាំង ពលកម្មជំនាញក្នុងឧស្សាហកម្មនៃវិស័យអាទិភាពទាំង៤ រួមមាន កម្មន្តសាល សំណង់ អគ្គិសនី និងអេឡិចត្រូនិក។

 លើសពីនេះ គម្រោងនឹងចូលរួមពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាជំនាញ តាមវិស័យ និងភ្ជាប់ទំនាក់ទំនងក្នុងការ អភិវឌ្ឍជំនាញ ដោយផ្តោតលើការផ្តល់ជំនាញថ្មី (Skilling) ការបណ្តុះបណ្តាល ជំនាញឡើងវិញ (Reskilling) និងការបំប៉នជំនាញបន្ថែម (Upskilling) ដល់កម្លាំងពលកម្ម ដែលកំពុងបំពេញការងារទាំងវិស័យសាធារណៈ និងឯកជន។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងភាពជាដៃគូ នឹងត្រូវបានបង្កើតរវាងឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីជំរុញកម្មវិធីការសិក្សា ផ្អែកលើការងារ (Work-Based Learning program) និងពង្រីកការអនុវត្តសាកល្បងនូវមូលនិធិអភិវឌ្ឍជំនាញទៅជាយន្តការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ សមាសភាពនៃគម្រោងរួមមាន (១)-ធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពឆ្លើយតបទៅនឹងកម្រិតសញ្ញាបត្រជាន់ខ្ពស់ បច្ចេក​ទេស/ បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស (២) លើកកម្ពស់កម្មវិធីសិក្សាផ្អែកលើ ការងារ (Work Based Learning program) ជាមួយដៃគូឧស្សាហកម្ម និង (៣) ពង្រីកយន្តការនៃការផ្តល់ហិរញ្ញប្បទាន TVET ប្រកបដោយនវានុវត្តន៍ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here