ដោយ ហ្សូលី
ភ្នំពេញៈ សហគមន៍អ៊ឺរ៉ុប (EU) បានប្រកាសនៅថ្ងៃនេះថា ខ្លួនកំពុងរៀបចំការគាំទ្រដល់មូលនិធិហិរញ្ញវត្ថុបៃតង របស់សមាគមន៍អាស៊ានជាមួយទឹកប្រាក់ចំនួន៥០លានអឺរ៉ូ(៥៤,៩ លានដុល្លារ) ដើម្បីជួយរាជរដ្ឋាភិបាលរៀបចំ និងផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជន សម្រាប់បញ្ហាអាកាសធាតុ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងអាស៊ីអាគ្នេយ៍។
ដំណើរការដែលបានចាប់ផ្តើមកាលពីខែមេសាឆ្នាំ២០១៩ និងគ្រប់គ្រង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាលអាស៊ាន ដើម្បីបង្កឱ្យមានភាពងាយស្រួល ក្នុងការទទួលបានប្រាក់កម្ចីអធិបតេយ្យភាព ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ផ្តោតលើថាមពលកកើតឡើងវិញ យ៉ាងមានប្រសិទ្ធភាពលើការដឹកជញ្ជូនតាមទីក្រុង ប្រកបដោយនិរន្តរភាពក្នុងការផ្គត់ផ្គង់ទឹកនិងអនាម័យ កសិកម្មដែលធន់នឹងអាកាសធាតុ។
ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ លោកស្រី Jutta Urpilainen បានធ្វើសេចក្តីប្រកាសអំឡុងពេលកិច្ចពិភាក្សាអាស៊ាន អ៊ឺរ៉ុបស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព រួមជាមួយតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអឺរ៉ុប លោក រ៉ូប៊ឺត សូឆែលហែមមឺ។
លោក Schoellhammer មានប្រសាសន៍ថា“ ការប្តេជ្ញាចិត្តនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការកាន់តែស៊ីជម្រៅរបស់សហភាពអឺរ៉ុប និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយប្រទេសនៅអាស៊ីអាគ្នេយ៍ ឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពតាមគម្រោងរបស់អង្គការសហប្រជាជាតិ”។
លោក Anouj Mehta ប្រធានអង្គភាព ACGF នៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ADBបានមានប្រសាសន៍ថា ការគាំទ្ររួមគ្នា តាមរយៈមជ្ឈមណ្ឌលហិរញ្ញវត្ថុបៃតងអាស៊ាន នឹងជួយរដ្ឋជាសមាជិកអាស៊ាន ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ធ្វើអោយប្រសើរឡើងនូវគុណភាពខ្យល់ ដី និងគុណភាពទឹក រួមទាំងការការពារបរិស្ថានផងដែរ។
បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ប្រឈមនឹងគម្លាតហិរញ្ញប្បទានប្រចាំឆ្នាំជាង ១០០ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ACGFគឺជាផ្នែកមួយនៃមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន គ្រប់គ្រងដោយរដ្ឋជាសមាជិកទាំង១០ របស់អាស៊ាននិងធនាគារអភិវឌ្ឍន៍អាស៊ី។
លើសពីនេះ ធនាគារអភិវឌ្ឍន៍អាស៊ី និងសហភាពអ៊ឺរ៉ុប គឺជាដៃគូសហហិរញ្ញប្បទានរួមមាន Agence Française de Développement ធនាគារវិនិយោគអឺរ៉ុប កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ តាមរយៈKFW និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ គម្រោងដែលគាំទ្រដោយ ACGF ដំបូងគេ ត្រូវបានរំពឹងថានឹងអនុម័តនៅចុងឆ្នាំនេះ៕






