ដោយ ៖ រ៉ាណេត
កំពង់ចាម ៖ តាមគម្រោងរបស់រដ្ឋាភិបាលបានបង្ហាញថា នៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ កំពង់ចាម នឹងធ្វើការអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាទីក្រុងវៃឆ្លាតដូចគ្នាទៅនឹងក្រុងតាខ្មៅ ក្រុងបាត់ដំបង និងកំពត ដែលទើបតែទទួលបានពានរង្វាន់ទីក្រុងមានភាពច្នៃប្រឌិតខ្ពស់ ខណៈដែលខេត្តសៀមរាបបានដើរមួយជំហានរួចទៅហើយ។

ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពនៅទូទាំងក្រុងកំពង់ចាមឱ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុង ដោយគ្រប់ផ្លូវថ្នល់ចេញចូលក្រុងសុទ្ធតែត្រូវបានស្ថាបនាជាផ្លូវចាក់កៅស៊ូ និងផ្លូវបេតុងទាំងអស់ ដែលក្រៅពីបង្កើនសោភ័ណភាព ថែមទាំងចូលរួមជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះ រដ្ឋាភិបាលក៏មានគម្រោងកែច្នៃ និងអភិវឌ្ឍន៍ក្រុងកំពង់ចាមឱ្យក្លាយជាទីក្រុងវៃឆ្លាត រួមជាមួយនឹងការបំពាក់អំពូលភ្លើង LED នៅតាមផ្លូវសំខាន់ៗមួយចំនួនដើម្បីឱ្យកាន់តែមានភាពទាក់ទាញ និងជួយជំរុញកំណើនទេសចរក្នុងតំបន់ផងដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោក ស៊ាន សុគុន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា កំពង់ចាមបច្ចុប្បន្ននេះ កាន់តែមានការអភិវឌ្ឍ និងរីកចម្រើនកាន់តែខ្លាំង ព្រមទាំងជួយជំរុញឱ្យមានកំណើនទេសចរជាប់ជាប្រចាំផងដែរ។ លោកបានបន្តទៀតថា “កាលពីឆ្នាំ២០១៩កន្លងទៅ កំណើនទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាទូទាំងខេត្តកើនជាង៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ហើយសម្រាប់ឆ្នាំ២០២០នេះ មានក្ដីរំពឹងថា នឹងនៅតែរក្សាបាននូវកំណើនបន្ថែមទៀត។
លោក ស៊ាន សុគុន បានបន្តទៀតថា “គួបផ្សំជាមួយនឹងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋបាលខេត្ត ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ក្នុងតំបន់ ក្រោមការចង្អុលបង្ហាញ និងណែនាំពីសំណាក់លោកអភិបាលខេត្ត មន្ទីរទេសចរណ៍ខេត្តបានរៀបចំបង្កើតឱ្យមានតំបន់ទេសចរណ៍បែបសហគមន៍ចំនួន២បន្ថែមទៀត ដោយទី១គឺតំបន់កម្សាន្តឆ្នេរខ្សាច់កោះប៉ែន ដែលមានទំហំប្រមាណ១០០០ និងសហគមន៍ទេសចរណ៍តម្បាញលក្ខណៈប្រពៃណី ស្ថិតនៅស្រុកកោះសូទិនផងដែរ ដែលតាមរយៈគម្រោងទាំងនេះ នឹងអាចទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទេសចរនានា”។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍តាមទូរស័ព្ទដោយបង្ហាញពីក្ដីសាទរ និងគាំទ្រទៅនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលទាំងស្រុង។ លោកបានបញ្ជាក់ថា “គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់របស់រាជរដ្ឋាភិបាល ដែលបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ គឺអាជ្ញាធរខេត្តត្រៀមខ្លួនក្នុងការចូលរួមជាមួយ ធ្វើយ៉ាងណាឱ្យគម្រោងទទួលបានជោគជ័យ ហើយក៏ជាការលើកកម្ពស់បរិយាកាសវិនិយោគ នៅក្នុងខេត្តកំពង់ចាមឱ្យបានកាន់តែច្រើន ក៏ដូចជាបង្កើននូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀត”។ លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ នៅទូទាំងក្រុងកំពង់ចាម ត្រូវបានរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ ក្រោមការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញរដ្ឋបាលខេត្ត និងការចូលរួមពីវិស័យឯកជនផងដែរ ហើយជាលទ្ធផលគឺទទួលបានផ្លែផ្កាគួរឱ្យគត់សម្គាល់ ហើយការរៀបចំទាំងអស់នេះ នឹងនៅតែបន្តរក្សាឱ្យមានភាពល្អប្រសើររហូតទៅថ្ងៃខាងមុខ”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសប្រសាសន៍នៅក្នុងកិច្ចជំនួបជាមួយនាយិកាទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំងប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាល បានមានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងចាំបាច់មួយចំនួននៅក្នុងខេត្តកំពង់ចាមឱ្យមានភាពល្អប្រសើរឡើងវិញ រួមជាមួយនឹងគម្រោងសាងសង់កំពង់ផែរណបទឹកសាបឡោះងវិញផងដែរ។ បន្ថែមពីនេះ នៅមានគម្រោងកែច្នៃក្រុងកំពង់ចាមឱ្យក្លាយទៅជាទីក្រុងវៃឆ្លាតជាមួយនឹងការបំពាក់អំពូលភ្លើង LED នៅតាមផ្លូវក្នុងក្រុងផងដែរ ដែលពេលនេះកំពុងតែលើកគម្រោងសិក្សាវាយតម្លៃពីទំហំចំណាយ និងផលប៉ះពាល់៕






