ដោយ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអះអាងថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចហើយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈសេដ្ឋកិច្ចកម្ពុជាមិនដួលរលំ ដោយសារបញ្ហានេះទេ។

សម្តេចតេជោនាយករដ្ធមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា កុំមានការព្រួយបារម្ភរឿងបាត់EBA ដោយកម្ពុជារៀនរស់ដោយខ្លួនឯង ហើយមិនអាចយកអធិបតេយ្យភាពទៅដោះដូរនឹងជំនួយពីបរទេសឡើយ។
សម្តេចតេជោមិនមានការព្រួយបារម្ភរឿងបាត់EBAនោះទេ ដោយសម្តេច បានថ្លែងបានថ្លែងក្នុងការអញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា “យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន”។
សម្តេចតេជោបានថ្លែងថា “អ្វីដែលកម្ពុជា ត្រូវយកចិត្តទុកដាក់នាពេលនេះ គឺសុខសន្តិភាព។ កម្ពុជា ត្រូវតែអនុវត្តន៍ច្បាប់របស់កម្ពុជា ជនគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់”។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា កម្ពុជាធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយដោយសារតែការជ្រែតជ្រែកអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជាពីប្រទេសដទៃ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យក្រោកឈរឡើង ការពារអធិបតេយ្យ និងឯករាជ្យជាតិ ដោយមិនត្រូវឱ្យនរណាមកឈ្លានអធិបតេយ្យជាតិបាននោះទេ។
សម្តេចតេជោនាយករដ្ធមន្រ្តីបានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួន នៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជម្ងឺកូរូណានេះ។
ដូច្នេះសម្តេចតេជោបានបញ្ជាក់ថា “បើសិនបើពេលខាងមុខនេះ មានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ”។
សហភាពអឺរ៉ុបនឹងចាប់ផ្តើមនិតិវិធី ដកប្រព័ន្ឋអនុគ្រោះពន្ឋរបស់កម្ពុជា ចាប់ពីម៉ោង៦ដល់៨នារាត្រីនេះ ដើម្បីសម្រេចចុងក្រោយថា តើត្រូវព្យ័រប្រព័ន្ឋអនុគ្រោះពន្ឋរបស់កម្ពុជាបែបណា ខណៈប្រភពព៌តមានច្បាស់ការណ៍វបានលើកឡើងថា សហគមន៍អឺរ៉ុបនឹងដកតែផ្នែកណាមួយនៃទំនិញរបស់កម្ពុជាប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ក្នុងវេទិកាសាធារណៈស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ឆ្នាំ២០២០ កាលពីចុងខែមុនថា ការកំណត់កំណើនសេដ្ឋកិច្ចប្រមាណ៦,៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ក្នុងច្បាប់ថវិកាឆ្នាំ២០២០ គឺបានរាប់បញ្ចូលករណីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីសហភាពអឺរ៉ុបរួចហើយ ព្រោះថាវានឹងមកដល់គ្រាន់តែមុន ឬក្រោយប៉ុណ្ណោះ។
លោកបន្តថា “ដូចនេះទោះបីសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះ មួយផ្នែក ឬទាំងស្រុងក្តី ក៏សេដ្ឋកិច្ចកម្ពុជា មិនដួលរលំដែរ ព្រោះបានត្រៀមខ្លួនជាមុនរួចហើយ”។
លោកបន្ថែមថា ម្យ៉ាងវិញទៀត ការដក EBA នេះ ប៉ះពាល់តែទៅលើ ការនាំចេញសម្លៀកបំពាក់ ទៅកាន់ទីផ្សារអឺរ៉ុបប៉ុណ្ណោះ ខណៈដែលការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត ពិសេសអាម៉េរិក មានការកើនឡើងយ៉ាងខ្លាំង។ទន្ទឹមនឹងនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរ ក៏មានសន្ទុះកំណើនយ៉ាងខ្លាំងផងដែរ ដោយសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា កាន់តែមានពិពិធកម្មច្រើនជាងមុន។
សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ អាចសម្រេចបានកំនើនក្នុងរង្វង់៦% ទោះបីត្រូវប្រឈមការលំបាក ហានិភ័យ ទាំងខាងក្នុង និងខាងក្រៅច្រើនជាងមុនក្តី ពិសេសករណីការរាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងព័ត៌មាន។
លោក វង្សី វិស្សុត បានថ្លែងថា ក្នុងបរិការណ៍នៃការថមថយ កំណើនសេដ្ឋកិច្ចពិភពលោក កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នៅតែមានភាពរឹងមាំក្នុងរង្វង់៧% ទោះបីត្រូវប្រឈមនឹងហានិភ័យពីខាងក្រៅ ហើយសកម្មភាពសេដ្ឋកិច្ច នៅក្នុងរយៈពេល២ខែចុងឆ្នាំ មានការថមថយខ្លះ ពិសេសវិស័យ ទេសចរណ៍ និងសំណង់ក្តី។
លោកមានប្រសាសន៍ថា “កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ នឹងនៅតែអាចសម្រេចបានក្នុងរង្វង់ ៦% ទោះបីត្រូវប្រឈមការលំបាក និងហានិភ័យ ទាំងខាងក្នុង និងទាំងខាងក្រៅច្រើនជាងមុនក្តី ពិសេសករណីការរាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា”។
រដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំមុន បានសម្រេចលុបចោលប្រព័ន្ឋC.O លុបចោលស្ថាប័នកាំកុងត្រូល និងស្ថាប័នកាំសាប ដើម្បីសម្រួលនិតិវិធីនាំការនាំចេញ ក៏ដូចជាកាត់បន្ថយការិយាធិបតេយ្យ ពិសេសកំពុងធ្វើវិសោធនកម្មច្បាប់វិនិយោគកាន់តែល្អប្រសើរ ដើម្បីទាក់ទាញលំហូរវិនិយោគពីបរទេស។

ជាមួយគ្នានេះដែរ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីឆ្នាំមុនបានសម្រេចកាត់បន្ថយថ្ងៃឈប់សំរាកប្រចាំឆ្នាំ ចំនួន៧ថ្ងៃនៅឆ្នាំ២០២០នេះ ដែលការកាត់បន្ថយថ្ងៃឈប់សំរាកនេះ នឹងជួយជំរុញកំនើនសេដ្ឋកិច្ចកម្ពុជារហូតដល់០,៥០ភាគរយ។
ជាមួយគ្នានេះ ក្នុងដំណើរទៅទស្សនកិច្ចនៅប្រទេសចិនកាលពីសប្តាហ៍មុន សម្តេចតេជោហ៊ុន សែនបានលើកពីការធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដើម្បីជម្រុញការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន ដែលជាផ្នែកមួយដ៏សំខាន់នៃការជំរុញកំនើនសេដ្ឋកិច្ចរបស់កម្ពុជា៕






