ក្រុមហ៊ុនជប៉ុនចំនួន៣ចាប់អារម្មណ៍វិនិយោគលើការប្រមូលសំរាមនៅទីក្រុងភ្នំពេញ

0

ដោយវុត្ថា

ភ្នំពេញៈ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅម្ពុជាបានឱ្យដឹងថា មានក្រុមហ៊ុនជប៉ុនចំនួន ៣ធំៗ កំពុងមានចំណាប់អារម្មណ៍វិនិយោគប្រមូលសំរាមនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលបច្ចុប្បន្ននេះ បញ្ហាសំរាមនៅក្នុងទីក្រុងបានកំពុងប្រឈម និងដោះស្រាយឱ្យកាន់តែមានភាពល្អប្រសើរ។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា  នៅក្នុងជំនួបពិភា​ក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០នេះបានឱ្យដឹងថា  ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំ​ពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយនៅពេលនេះ ក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមតែម្ដង ដែលសំរាមនេះគឺជាកត្តាចាំបាច់ ហើយជប៉ុនក៏មានក្រុមហ៊ុនចំនួន៣ ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។

លោកបន្តថា  “ក្រុមហ៊ុនទាំងនេះ នឹងចូលរួមចំណែកដេញថ្លៃ ក្នុងការប្រមូលសំរាមនៅកម្ពុជានាពេលខាងមុខនេះ”។ លោកបន្តថា “អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប័នកម្ពុជាជាពិសេសCDC ដោយបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយពេលនេះទៀតសោត ការវិនិយោគរបស់ជប៉ុន កំពុងមានការរីកចម្រើនកាន់តែខ្លាំងឡើង មានន័យថា អ្នកវិនិយោគជប៉ុននឹងមកកាន់កម្ពុជាកាន់តែច្រើន ហើយជាពិសេសការវិនិយោគទាំងនោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច កំពុងតែដាក់ការប្រមូលសំរាមនេះ ស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំ​ពេ​ញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ៦០០គីឡូម៉ែត្រការ៉េ ។

សម្តេចបន្តថា “នៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ។ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ”។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឱ្យដឹងថា នៅក្នុងរាជធានីភ្នំពេញ សំរាមបានកើនឡើងពីរង្វង់២៦០០តោន ក្នុងមួយថ្ងៃនៅឆ្នាំ២០១៨ ដល់រង្វង់២៩០០តោន ក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០១៩កន្លងទៅ។

សាលារាជធានីភ្នំពេញធ្លាប់បានឲ្យដឹងថា ទីលានចាក់សំរាមដែលមានទំហំជាង៣០ហិកតានៅបឹងជើងឯក ក្នុងខណ្ឌដង្កោ នឹងត្រូវពេញហៀរ មិនអាចទទួលយកសំរាមបានទៀតឡើយនៅឆ្នាំ២០២១។ នេះគឺជាបញ្ហាប្រឈមដែលទាមទារឲ្យមានដំណោះស្រាយជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here