រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទាក់ទាញអ្នកវិនិយោគថៃមកកាន់កម្ពុជាឱ្យ បានច្រើនក្នុងឆ្នាំនេះ

0

ដោយៈ រ៉ាណេត

បាងកកៈ ជាការព្យាយាមជំរុញ និងពង្រីកវិសាលភាពពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -ថៃ ឱ្យមានកំណើនលើសពី៩០០០លានដុល្លារ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការផ្សព្វផ្សាយពីសក្ដានុពលវិនិយោគ និងទាក់ទាញបណ្តាធុរជនពីប្រទេសថៃ មកកាន់កម្ពុជាឱ្យកាន់តែច្រើន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ក្នុងសិក្ខាសា​លាស្ដីពី «បញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងទសវត្សរ៍ឆ្នាំ២០២០» រៀបចំដោយក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីពង្រីកកំណើន និងទាក់ទាញការវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន។

លោកបានបន្តថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច វិនិយោគ និងអភិវឌ្ឍន៍ ក៏ដូចជាពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការជំរុញ សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេ​សគាំទ្រដល់ទីផ្សារដែលមានស្រាប់ ហើយក្នុងពេលតែមួយបង្កើតទីផ្សារថ្មី ពង្រឹងមូលដ្ឋា​ននាំចេញ តាមរយៈការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់ជាប្រភពនៃកំនើនដោយចីរភាព ដោយកាត់បន្ថយការពឹងផ្អែកលើការផ្ដល់ នូវភាពអនុគ្រោះពន្ធគយជាឯក​តោភាគី។

តាមរយៈគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ រាជរដ្ឋាភិបាល មានគោលដៅជាស្រេចក្នុងការប្រែក្លាយឧស្សាហកម្មកម្ពុជា ពីការពឹកផ្អែកលើពលកម្មគ្មានជំនាញ មកជាឧស្សាហកម្មដែលមានជំនាញខ្ពស់នៅឆ្នាំ២០២៥។

ចំពោះក្រសួងពាណិជ្ជកម្មផ្ទាល់ ក៏មានយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ដែលសង្កត់ធ្ងន់លើការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងទា​ញ​យកប្រយោជន៍ពីប្រភពនៃកំណើនថ្មី រួមទាំងបដិវត្តឧស្សាហកម្មទី៤ជាដើម។

ទាក់ទងនឹងការវិនិយោគ លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងអំពាវនាវឱ្យធុរជនថៃពិនិត្យ និងមកធ្វើវិនិយោគឱ្យបានរឹតតែច្រើនឡើងនៅប្រទេសកម្ពុជា។ រដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកទឹកចិត្តជាច្រើន រួមទាំងវិធានការថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីសម្រួលបន្ថែមទៀតនូវបរិយាកាសធុរកិច្ច និងវិនិយោគ កាត់បន្ថយចំណា​យប្រតិបត្តិការមួយចំនួន និងកសាងរចនាសម្ព័ន្ធចាំបាច់សម្រាប់ធុរកិច្ច រួមមានថាមពល ហិរញ្ញវត្ថុ លិខិតបទដ្ឋានគតិយុត្ត ។ល។

សម្រាប់គោលដៅវិនិយោគនៅកម្ពុជា វិស័យមានសក្ដានុពលរួមមានកសិ-ឧស្សា​ហកម្ម កែច្នៃ កម្មន្ដសាល ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យមួយចំនួនទៀត ដែលក្រុមហ៊ុនថៃមានបទពិសោធន៍ និងជំនាញខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here