ដោយ ប៊ី
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា សន្យានឹងជំរុញអ្នកវិនិយោគិនអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យបានកាន់តែច្រើននៅកម្ពុជា។

ការលើកឡើងបែបនេះរបស់លោកPablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា ត្រូវបានត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សា ជាមួយនឹងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក Pablo Chiho Kang បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន និងផ្លាស់ប្តូរគួរឱ្យកត់សម្គាល់របស់កម្ពុជានាបរិការណ៍បច្ចុប្បន្ន ជាមួយការអភិវឌ្ឍ និងមានសុខសន្តិភាពពេញលេញ ដែលសមិទ្ធិផលទាំងនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតែម្តង។
ជាពិសេសការដាក់ចេញនិងអនុវត្តនូវ កិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យយ៉ាងសស្រាក់សស្រាំ របស់រាជរដ្ឋាភិបាលចាប់តាំងតែពីដើមនីតិកាលទី៥មកនេះ បានជួយធ្វើឲ្យមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ មានលក្ខណៈរឹងមាំ និងមានសន្ទុះខ្លាំងក្លា ការកៀរគរចំណូលប្រកបដោយប្រសិទ្ធិភាព ហើយការចំណាយទៀតសោតមានតម្លាភាព និងសក្កិសិទ្ធិភាព ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ហើយរឹងមាំ និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុត លើឆាកអន្តរជាតិ។
លោកក៏បានបញ្ជាក់បន្ថែមថា “ឈរលើហេតុផលពិតនៃការអភិវឌ្ឍទាំងនេះ អូស្រ្តាលីនឹងបន្តជួយគាំទ្រ ក៏ដូចជាបង្ហាញការពិតពី កិច្ចអភិវឌ្ឍន៍នៅកម្ពុជាបន្តទៀតដើម្បីជំរុញឱ្យអ្នកវិនិយោគិនអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យបានកាន់តែច្រើន នៅកម្ពុជា”។
លោកបានបន្តថា អ្នកវិនិយោគិនអូស្រ្តាលីមានចំណាប់អារម្មណ៍ ទៅលើការវិនិយោគលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ហើយវិស័យសេវាកម្មដែលរួមមាន៖ ទេសចរណ៍ និងការបណ្តុះបណ្តាល និងអប់រំ ក៏ត្រូវបានគិតគូរផងដែរ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ អ្នកទេសចរណ៍អូស្រ្តាលីបានមកទស្សនា ប្រទេសកម្ពុជាយ៉ាងច្រើនកុះករ ហើយចំណែកវិស័យអប់រំវិញ សម្រាប់ឆ្នាំ២០២០នេះ មាននិស្សិតកម្ពុជាចំនួនប្រមាណ៣០០០នាក់ បានចុះឈ្មោះទៅ សិក្សានៅប្រទេសអូស្រ្តាលី ដែលរួមមានទាំងនិស្សិតទទួលអាហារូបករណ៍ និងបង់ថ្លៃ”។

ភាគីទាំងពីរក៏បានពិភាក្សា អំពីការព្យាករណ៍នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ចំពោះផលប៉ះពាល់អវិជ្ជមាន នៃការព្យួរ EBA ជាយថាហេតុ ដោយសហភាពអឺរ៉ុប ជាមួយនឹងសេណារីយ៉ូសម្រាប់ជាដំណោះស្រាយរបស់កម្ពុជា និងឥទ្ធិពលនៃរាតត្បាតនៃជំងឺកូរ៉ូណាថ្មីមកលើសេដ្ឋកិច្ចកម្ពុជាជាដើម ។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានជូនពរលោកPablo Chiho Kang ឱ្យទទួលបានជោគជ័យ ក្នុងតួនាទីថ្មីរបស់លោកនៅកម្ពុជា និងបានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី៕






