រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគជប៉ុនចំនួន១៤៣មានទុនវិនិយោគ ២៧៨៥លានដុល្លារ

0

ដោយវុត្ថា

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោង វិនិយោគជប៉ុនចំនួន១៤៣គម្រោង ដោយមានទុនវិនិយោគប្រមាណ២៧៨៥ លានដុល្លារអាមេរិក។ នេះ បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅក្នុងកិច្ចប្រជុំ លើកទី ១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ម្សិលមិញ។

របាយការណ៍ដដែលបន្តថា កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ត្រូវបានរៀបចំឡើងចាប់ពីឆ្នាំ២០០៩ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុនស្តីពី ការសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកShinzo Abe កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នា ២០០៧។

ឆ្លងតាមកិច្ចប្រជុំចំនួន១៨លើកកន្លងមក បញ្ហាប្រឈមមួយចំនួនត្រូវបានឡើងដោយអ្នកវិនិយោគជប៉ុនត្រូវបានភាគីកម្ពុជា បាននឹងកំពុងផ្តល់ជូននូវដំណោះស្រាយដ៏សមស្របជាបន្តបន្ទាប់ ដែលធ្វើឱ្យមានការបណ្តាក់ទុនវិនិយោគជប៉ុន បន្តកើនឡើងបន្ថែមទៀតនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកឡើងថា សន្តិភាព និងស្ថិរភាពនយោបាយ និងបរិស្ថានវិនិយោគ គឺជាកត្តាមិនអាចខ្វះបាន សម្រាប់វិនិយោគិនគ្រប់រូប ក្នុងនោះអ្នកវិនិយោគិនកម្ពុជា និងបរទេស ពិតជាមើលឃើញយ៉ាងច្បាស់អំពីគុណសម្បត្តិ របស់កម្ពុជា។

ជាក់ស្តែងវិនិយោគទុនជប៉ុន ដែលមកបណ្តាក់ទុនលើវិស័យកម្មន្ត​សាល មិនមែនវាយនភណ្ឌដូចជា ផលិតផលអេឡេចត្រូនិច និងអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម គឺជាការផ្តល់ឱកាសដល់កម្ពុជា ក្នុងការជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋានរបស់ខ្លួន ក្នុងការចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥–២០២៥។

លោក ម៉ាសាហ៊ីរ៉ុ មីកខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាបានថ្លែងថា គោលដៅអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រកបដោយការទទួលខុសត្រូវ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមាន ចំពោះក្តីកង្វល់ និងសំណូមពរផ្សេងៗរបស់អ្នកវិនិយោគទុនជប៉ុន ។

លោកបន្តថា “សកម្មភាពទាំងនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំអ្នកវិនិយោគ ក៏ដូចជាការផ្តល់ភាពកក់ក្តៅក្នុងការជំរុញធ្វើពិពិធកម្មកាន់តែខ្លាំងក្លាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here