កម្ពុជាមានសហគមន៍កសិកម្មចំនួន ១១៩០ សហគមន៍ដែលមានទុន ១៦៤១ លានរៀល

0

ដោយវុត្ថា

ភ្នំពេញ៖ របាយការណ៍របស់លេខាធិការដ្ឋាននៃគណ:កម្មាធិការបានឱ្យដឹងថា បច្ចុប្បន្នមានសហគមន៍កសិកម្មសរុបចំនួន១ ១៩០សហគមន៍ ក្នុងនោះសហគមន៍កសិកម្មចំនួន១៦៥ បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងមានសហភាពសហគមន៍កសិកម្មសរុបចំនួន១០ ដែល មានសមាជិកជាសហគមន៍កសិកម្មចំនួន១៦៨គ្រួសារ និងមានដើមទុនសរុបចំនួនជាង១ ៦៤១ លានរៀល ហើយបានបង្កើតសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលជារចនាសម្ព័ន្ធចាត់តាំងកំពូលរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅកម្ពុជា។

របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ នៅ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បានបង្ហាញថា ក្រៅពីនេះ ក៏នៅមានសហគមន៍នេសាទចំនួន៥១៦សហគមន៍ និងសហគមន៍ព្រៃឈើមានចំនួន ៦៣៦សហគមន៍។ ក្នុងបរិបទថ្មីនេះ ផលិតកម្មកសិកម្មតាមកិច្ចសន្យាគឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់គ្នារវាងតួអង្គសំខាន់ៗទាំង៤ គឺអ្នកផលិតរួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសារណៈរបស់រដ្ឋ។

របាយការណ៍បន្តថា គិតរហូតមកដល់ពេលនេះ ការសម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មមានផលិតកម្មស្រូវចំនួន១០៤កិច្ចសន្យា ពោតចំនួន៤ សណ្តែកបាយចំនួន០១ ការចិញ្ចឹមមាន់សាច់១៥៤ ការចិញ្ចឹមជ្រូកសាច់១៤៣ បន្លែ២៣ ដំឡូងមី១៨ និង ស្ករត្នោត០២កិច្ចសន្យា។

របាយការណ៍ដដែលបន្តថា ក្រៅពីសមិទ្ធផលដែលគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មសម្រេចបាន គណ:កម្មាធិការក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនទៀតផងដែរក្នុងអំឡុពេលអនុវត្តកិច្ចសន្យា ហើយកិច្ចប្រជុំនេះបានឆ្លើយ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងដោយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍។

ដោយឡែងបញ្ហាមួយចំនួនទៀតជាអាទិ៍: ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្ម តម្លៃអគ្គិសនី ពន្ធលើប្រាក់ចំណូល តម្លៃគមនាគមន៍ ការផ្គត់ផ្គង់ទឹក ការផ្តល់ទុនដែលមានការប្រាក់ទាប ការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមរបស់ទំនិញ និងការចុះបញ្ជីពូជដំណាំ។ល។ គណ:កម្មាធិការនឹងរៀបចំរបាយការណ៍លម្អិត លើកសំណើដាក់ជូនរាជរដ្ឋាភិបាលដើម្បីជ្រាប និងសម្រេចដ៏ខ្ពង់ខ្ពស់។

អនុក្រឹត្យលេខ៣៦ អនក្រ. បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោល បំណងទី១. ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងអ្នកផលិត និងអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌។ ទី២. ធានាឲ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាព។ ទី៣. បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម និងទី៤. រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here