រដ្ឋាភិបាលបារាំងបន្តគាំទ្រគម្រោងរៀបចំប្រព័ន្ធធារាស្ត្រនៅបណ្តាខេត្តចំនួន៥គ្រោងចំណាយជាង៨០លានដុល្លារ

0

ដោយៈ រ៉ាណេត

         ភ្នំពេញៈ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា AFA បានបង្ហាញពីការគាំទ្រទៅលើសកម្មភាព និងគម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័​ន្ធ ដែលសង្កត់ធ្ងន់ទៅលើធារាសាស្ត្រ ដែលស្ថិតនៅតាមបណ្តាខេត្តសំខាន់ៗចំនួន៥ នៅទូទាំងប្រទេសកម្ពុជា ជាមួយគម្រោងចំណាយចំនួន៧៩លាន អឺរ៉ូស្មើនឹងជាង៨០លានដុល្លារ។

នៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍AFD ក៏ដូចជាសហគមន៍អឺរ៉ុប (EU) ដែលបាន និងកំពុងគាំទ្រលើគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ក្នុងជំហានទី១ មានទំហំវិនិយោគ៧៩លានអឺរ៉ូ ។

រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានលើកឡើងនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកស្រី Ophelie BOURHIS នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍAFD ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ការធានាដល់ការអភិវឌ្ឍ ទៅលើប្រព័ន្ធធារាសាស្ត្រ គឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់កសិកម្ម។

ជាមួយគ្នានេះ ដើម្បីបន្តកិច្ចដំណើរការអភិវឌ្ឍន៍ជំហានទី២ ភាគីទាំង២បានផ្តោតលើការរៀបចំគម្រោងអនុត្តរភាព ប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅក្នុងខេត្តសំខាន់សំខាន់ចំនួន៥ រួមមាន ខេត្តសៀមរាប ព្រះវិហារ បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល ដែលគ្រោងថវិកាប្រមាណ៧០លានអឺរ៉ូ ស្មើនឹងជិត៨០លានដុល្លារ។

លើសពីការគ្រោងទុកនេះ ក៏បានលើកពីចំណាប់អារម្មណ៍ លើគម្រោងស្តារស្ទឹងស្វាយចេក ស្ថិតក្នុងខេត្តបន្ទាយមានជ័យ គ្រោងថវិកាប្រមាណ៤០លានអឺរ៉ូ និងគម្រោងស្តារស្ទឹងចាស់ ក្នុងខេត្តបាត់ដំបង ដែលគ្រោងថវិកាប្រមាណ២៥លានអឺរ៉ូ ព្រមទាំងគម្រោ​ង​អាទិភាពក្នុងការដោះស្រាយទឹកមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here