ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅសម្រេចបាន៣៧ភាគរយ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅមកដល់ពេលនេះ ការស្ថាបនាសម្រេចបានប្រមាណ៣៧ភាគរយហើយ ដោយក្រុមការងារបាននិងកំពុងពន្លឿនសកម្មភាពធ្វើជញ្ចាំងផ្លូវក្រោមដីយ៉ាងមមាញឹក។

ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ សម្មភាពនៃការពន្លឿនសាងសង់ទាំងជើងទម្រស្ពានអាកាស និងផ្លូវក្រោមដីយ៉ាងមមាញឹក ដែលរហូតមកដល់ពេលនេះសម្រេចបានប្រមាណ៣៧ភាគរយ ដោយក្រុមការងារបានអនុវត្តន៍ការងារទាំងយប់ទាំងថ្ងៃ ដើម្បីជំរុញឱ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក ។

ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ក្នុងដំណើរការសាងសង់រយៈពេល៣០ខែ និងចំណា​យថវិកាចំនួន២២លានដុល្លារ ។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេ​ញ ការសាងសង់នេះគឺត្រូវបានបែងចែកជា៣ផ្នែកគឺ ស្ពានទី១-ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងមានចំនួនពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។

ស្ពានទី២-បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវ៉េងស្រេង សម្រាប់ចរាចរមួយទិសដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រ យានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាសប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង៤៤ម៉ែត្រ) ទទឹង ៥,២៥ម៉ែត្រ។

ស្ពានទី៣-ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរពីផ្លូវវ៉េងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងសម្រាប់រថយន្ត និង មួយគន្លងសម្រាប់ទោចក្រយានយន្ត។

ផ្លូវក្រោមដីជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវ៉េងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រា​ប់ទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវ៉េងស្រេង មានប្រវែងសរុ​ប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិសដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។

ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។

ល្បឿនសុវត្ថិភាព៤០គីឡូម៉ែ​ត្រក្នុងមួយម៉ោង សម្រាប់ផ្លូវឯកទិសមានទំហំទទឹង ៨,៥ម៉ែត្រ។ ការកំណត់ល្បឿនសុវត្ថិភាព២៥គីឡូម៉ែត្រ ក្នុងមួយម៉ោងសម្រាប់ផ្លូវឯកទិសមានទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។

ស្ពានអាកាសនេះអាចមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀប​ចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here