រដ្ឋបាលរាជធានីភ្នំពេញកំពុងកែលម្អប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យកាន់តែប្រសើរ

0

ដោយវុត្ថា

ភ្នំពេញៈ  រដ្ឋបាលរាជានីភ្នំពេញ  សហការជាមួយក្រុមការងារជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាននិងកំពុងសិក្សា គម្រោងកែលម្អប្រព័ន្ធដឹកជញ្ជូ​នសាធារណៈ ដើម្បីសម្រួល និងរំដោះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ កាន់តែមានភាពល្អប្រសើរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកថា គម្រោងនេះ បាននឹងកំពុងពិភាក្សាជាមួយ អ្នកមន្ត្រីជំនាញធនាគារអភិវឌ្ឍន៍អាស៊ី  និងក្រសួងសាធារណៈការ តែមកដល់ពេលនេះមិនទាន់សម្រេចជាផ្លូវការនោះទេ។

លោកបន្តថា “គម្រោងនេះគ្រាន់តែជាផែនការមេ (Master Plans) ដឹកជញ្ជូនសាធារណៈ នៅក្នុងទីក្រុងភ្នំពេញធ្វើឱ្យកាន់តែល្អប្រសើរ”។ លោកបន្តថា “យើងមានក្រុមការងារច្រើនមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រសួង និងធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើការសិក្សា តែរហូតមកដល់ពេលនេះ ការសិក្សានេះ គឺមិនទាន់សម្រេចនៅឡើយទេ ព្រោះការសិក្សានេះ មិនទាន់បញ្ចប់”។

លោកបន្ថែមទៀតថា ក្រោយពីបញ្ចប់ការសិក្សា យើងនឹងដឹងហើយថា នឹងត្រូវអនុវត្តបែបណានោះ។ តែយ៉ាងណាក៏លោកប្រធានសាធារណៈការ និងដឹកជញ្ជូរាជធានីភ្នំពេញរូបនេះ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ក្នុងការសិក្សា និងអនុវត្តគម្រោងនេះទេ។

យោងតាមគំរូប្លង់ នៃផែនការមេដែលបបានផ្សព្វផ្សាយ ដោយលោកនួន ផារ័ត្ន អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ កាលពីកន្លងមកថ្មីនេះបានឱ្យដឹងថា មានទីតាំងមួយចំនួន ដែលបាននឹងកំពុងសិក្សាកែលម្អឡើងវិញរួមមាន  រង្វង់មូលសក្យមុនីចេតិយ៍ ផ្លូវព្រះនរោត្តមចំណុចស្តុប មន្ទីរពេទ្យអង្គឌួង និង ផ្លូវព្រះស៊ីសុវត្ថិជួរមាត់ទន្លេចំណុចមុខផ្សាររាត្រី​។

ដោយ លោក នួន ផារ័ត្ន អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងសិក្ខាសាលាស្ដីពីវឌ្ឍនភាពនៃគម្រោងនេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនានា ជួយផ្តល់យោ​បល់ និងអនុសាសន៍អោយបានច្រើនព្រមទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឱ្យគម្រោងទាំងនេះអាចលេចចេញជារូបរាងនាពេលខាងមុខនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ នឹងក្រុមការងារជំនួ​យបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពីពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលាស្ដីពីវឌ្ឍនភាព នៃគម្រោងជំនួយបច្ចេកទេសស្ដាប់បទបង្ហាញ និងពិភាក្សាអំពីលទ្ធផលលើការសិក្សា៣ ទីតាំងក្នុងក្របខណ្ឌកម្មវិធីកែលម្អប្រព័ន្ធដឹកជញ្ជូនសាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែការមេកែលម្អប្រព័ន្ធដឹកជញ្ជូន នៅក្នុងទីក្រុងភ្នំពេញជាច្រើនគម្រោង រួមមាន  សាងសង់ស្ពានអាកាសថ្មើរជើង  ពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្សី ស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើង ផ្លូវក្រោមដី និងស្ពានអាកាសជាដើមដើម្បីដោះស្រាយបញ្ហាចរាចរណ៍ ខណៈដែលទីក្រុងមួយនេះ មានកំណើននូវប្រជាជន យានយន្ត និង សេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here