រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ចុះថ្លៃអគ្គិសនីពី៥០ទៅ៦០លានដុល្លារក្នុង១ឆ្នាំ ដល់វិស័យឧស្សាហកម្ម និងកសិកម្ម

0

ដោយ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះថ្លៃអគ្គិសនី គិតជាប្រាក់ប្រមាណពី៥០ ទៅ៦០លានដុល្លារក្នុង១ឆ្នាំ ដល់វិស័យឧស្សាហកម្ម និងកសិកម្មចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ ដើម្បីជួយសម្រួលដល់បរិយាកាសវិនិយោគ នៅប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនលោកឯកអគ្គរាជទូតជប៉ុន ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈម្សិលមិញ នៅវិមានសន្តិភាពថា ដើម្បីសម្រួលដល់ការវិនិយោគនៅកម្ពុជា នៅខែកុម្ភៈនេះ រាជរដ្ឋាភិបាលនឹងបញ្ចុះថ្លៃអគ្គិសនី១សេនក្នុងមួយគីឡូវ៉ាត់ ហើយនឹងបន្តធ្វើឱ្យកាន់តែល្អប្រសើរលើការដឹកជញ្ជូន។

ពាក់ព័ន្ធនឹងការបញ្ចុះតម្លៃអគ្គិសនី១សេន ក្នុងមួយគីឡូវ៉ាត់ សម្រាប់ជួយដល់វិស័យ​ឧស្សាហកម្ម និងកសិកម្មនេះ ត្រូវបានលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា មានប្រសាសន៍ថា ចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០តទៅ ហើយវិក្កយបត្រអគ្គិសនី ដែលចេញនៅចុងខែកុម្ភៈនឹងអនុត្តន៍តម្លៃថ្មីនេះ។

លោក យឹម វិសិដ្ឋ បានបញ្ជាក់ថា អ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលទទួលបានបានបញ្ចុះតម្លៃនេះ មានចំនួនរហូតដល់៨០ភាគរយ នៃចំនួនអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ហើយការបញ្ចុះតម្លៃនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមលើកផែនការបញ្ចុះថ្លៃអគ្គិសនី តាមផែនការនៃឆ្នាំនីមួយៗ។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជារូបនេះបានបញ្ជាក់ថា “ការបញ្ចុះតម្លៃ១សេនក្នុងមួយគីឡូវ៉ាត់នេះ បើគិតជាប្រាក់ប្រមាណពី៥០-៦០លានដុល្លារក្នុង១ឆ្នាំ ដែលនេះជាការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ផ្នែកឯកជន ក្នុងវិស័យឧស្សាហកម្ម ដែ​លមានទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើងជាដើម រួមទាំងវិស័យកសិកម្មផងដែរ ដើម្បីសម្រួលដល់ការវិនិយោគ”។

ក្រសួងរ៉ែ និងថាមពលបានអះអាងថា នៅឆ្នាំ២០២០ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៅមុខទៀត កម្ពុជាលែងជួបបញ្ហាខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតហើយ។ តម្រូវការអគ្គិសនីខ្ពស់បំផុត ក្នុងឆ្នាំ២០២០ មានចំនួន២២០០មេហ្គាវ៉ាត់ ខណៈការផ្គត់ផ្គង់ក្នុងស្រុក និងនាំចូលពីក្រៅប្រទេសលើសពីតម្រូវការ។ កម្ពុជាមានថាមពលសម្រាប់បម្រុងទុកប្រមាណ២០-៣០ភាគរយ ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគថ្មីៗ ដូច្នេះកម្ពុជាមានថាមពលសរុបប្រ​ហែល២៦០០-២៧០០មេហ្គាវ៉ាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here