ដោយរ៉ាណេត
ព្រះសីហនុៈ រដ្ឋាភិបាលបានអនុម័ត គំរោងប្រែក្លាយតំបន់ឆ្នេរសមុទ្ររាម ជាតំបន់ទេសចរណ៍ពិសិដ្ឋ “ទីក្រុងនាគរាជ” ដោយគ្រោងនឹងចំណាយទុនវិនិយោគ១៦ពាន់លានដុល្លារអាមេរិក។

ក្នុងគោលដៅអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសពហុបំណង ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំប្រទេស បច្ចុប្បន្ននៅតំបន់ឆ្នេររាម ត្រូវបានសិក្សាបង្កើតជាតំបន់ទេសចរណ៍គំរូពិសិដ្ឋ ដែលមានឈ្មោះថា “តំបន់ទេសចរណ៍ពិសិដ្ឋនាគរាជ” ដែលនឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ។
គំរោងនេះត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី១៤ កុម្ភៈកន្លងមកនេះ ក្រោមការដឹកនាំអង្គប្រជុំដោយលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីគមរោងនេះត្រូវបាន ស្នើសុំដោយក្រសួងទេសចរណ៍។
ការបង្កើតតំបន់កម្សាន្តគំរូពិសិដ្ឋ “នាគរាជ” នៅទីក្រុងរាម ខេត្តព្រះសីហនុ ដោយមានអន្តរក្រសួងពាក់ព័ន្ធ ចុះធ្វើការសិក្សាលម្អិតទៅលើគម្រោង និងផលប៉ះពាល់បរិស្ថានបញ្ចប់កាលពីពេលថ្មីៗនេះ។
គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍គំរូពិសិដ្ឋ ស្ថិតនៅក្នុងឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាប់ព្រំប្រទល់ក្រុងព្រះសីហនុ លាតសន្ធឹងនៅលើផ្ទៃដីទំហំប្រមាណ៣០៨១ ហិកតា ដែលជាតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ពិសេសការតភ្ជាប់ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូឈើទាល ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុដោយបណ្តាញផ្លូវទឹកធំៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ផលប្រយោជន៍ខ្ពស់ដល់សេដ្ឋកិច្ចសង្គម។

ដោយឡែកនៅក្នុងតំបន់អភិវឌ្ឍន៍ឆ្នេរសមុទ្ររាម ក៏មានគម្រោងបង្កើតកន្លែងទេសចរណ៍ “នាគរាជ” ដែលស្នើដោយក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ឯ.ក ស្ថិតលើផ្ទៃដីទំហំ៨៣៤ហិកតា ដែលត្រូវបានប៉ាន់ប្រមាណថា នឹងមានទុនវិនិយោគរហូតដល់១៦ពាន់លានដុល្លារអាមេរិក។ គម្រោងអភិវឌ្ឍតំបន់នេះ ត្រូវបានបែងចែកជាដំណាក់កាលដោយត្រូវចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០២០ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅសាលប្រជុំសាលសន្និសិទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា ក្នុងនោះក៏មានកីឡាវាយកូនគោលផងដែរ។
គម្រោងនេះនឹងត្រូវរៀបចំឆ្នេរខ្សាច់ស្អាតពីរកន្លែង ដើម្បីប្រើប្រាស់ជាសាធារណៈ សម្រាប់ការអភិវឌ្ឍនៅតំបន់នោះផង ក៏ដូចជាសាធារណជនចេញចូលប្រើប្រាស់តំបន់នោះដែលបច្ចុប្បន្នមិនទាន់មានឆ្នេរខ្សាច់សស្អាតនៅឡើយ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាវ ស៊ីវលីន បានបង្ហាញពីការគាំទ្រ និងសាទរទៅនឹងគម្រោងអភិវឌ្ឍន៍ តំបន់ឆ្នេររាមឱ្យក្លាយជាទីក្រុងថ្មី ជាពិសេសគម្រោងបង្កើតតំបន់ទេសចរណ៍នាគរាជ ដែលអាចជួយបង្កើនសោភ័ណភាព និងទាក់ទាញទេសចរជាតិ អន្តរជាតិយ៉ាងប្រសើរ។

លោកស្រីបានបន្តថា “ជារឿងប្រសើបំផុត ចំពោះគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលទៅលើតំបន់ឆ្នេរខាងលើនេះ ព្រោះក្រីពីអាចជួយធ្វើឱ្យបង្កើនសោភ័ណភាព ក្នុងនាមជាតំបន់កម្សាន្ត វាក៏នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីនៃតំបន់ឆ្នេរផងដែរ”។ លោកស្រីបានបន្តទៀតថា “ភ្ញៀវទេសចរភាគច្រើន ជាពិសេសជនបរទេស តែងមានចំណូលចិត្តកម្សាន្តនៅតាមតំបន់ឆ្នេរ ប៉ុន្តែសម្រាប់ក្រុងព្រះសីហនុតំបន់ឆ្នេរ គឺនៅមានកម្រិតនៅឡើយ ដូច្នេះនៅពេលមានការអភិវឌ្ឍតំបន់ថ្មីៗទៀត វានឹងធ្វើឱ្យតំបន់កម្សាន្តឆ្នេរកាន់តែសម្បូរបែប”។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រូបនេះបានបញ្ជាក់ថា“កន្លងមកធ្លាប់មានទេសចរអន្តរជាតិជាច្រើនចូលមក តាមរយៈផ្លូវទឹក ប៉ុន្តែដោយសារតែតំបន់កម្សាន្ត ក៏ដូចជាតំបន់ឆ្នេរមិនត្រូវនឹងតម្រូវការរបស់គេ ដូច្នេះបានត្រឹមតែជាការឆ្លង់កាត់ ហើយចាកចេញទៅវិញ ធ្វើឱ្យបាត់ឱកាសទទួលចំណូលពីពួកគេ។ នៅពេលមានតំបន់កម្សាន្តកាន់តែច្រើន និងស្រស់ស្អាត ទេសចរចំរុះជាតិសាសន៍ជាច្រើននឹងមកកាន់តំបន់ឆ្នេរកម្ពុជា”៕






