រាជធានីភ្នំពេញ៖ ក្លឹបប្រមូលផ្តុំម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដ៏ធំជាងគេនៅកម្ពុជា CEO Master Club សហការជាមួយក្រុមហ៊ុន Riellionaire នៅរាត្រីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ ក្លឹបកម្សាន្តHard Rock Café បានរៀបចំជំនួបទំនាក់ទំនងពាណិជ្ជកម្មដ៏អស្ចារ្យជាមួយអ្នកជំនួញល្បីៗ និងជាតារាបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោក គឺ អធិរាជហ្វ្រីខីតជើងឆ្វេង Roberto Carlos នៃក្រុមសាំបាប្រេស៊ីលម្ចាស់ពាន FIFA World Cup ២០០២។

ក្នុងកម្មវិធី Exclusive Night Party នេះមានការចូលរួមផ្ទាល់ដោយ លោក អោម សេងបូរ៉ា ដែលជាប្រធាននិងស្ថាបនិក CEO Master Club International លោក Roberto Linck (Betu) ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ប្រេស៊ីលនិងជាស្ថាបនិក Linck Group (វិនិយោគលើពហុវិស័យភាពយន្ត កីឡា សណ្ឋាគារ, Fashion និងបច្ចេកវិទ្យា) ដែលជាបេសកជនតំណាងឱ្យ លោក Roberto Carlos លោក Ricardo Alves Fernandes សហស្ថាបនិកសាលាបាល់ទាត់អន្តរជាតិប្រេស៊ីល(BIFA) និង លោក Keven Cool ស្ថាបនិកក្រុមហ៊ុន Riellionaireព្រមទាំងអស់ភ្ញៀវកិត្តិយសជាសមាជិកគ្រួសារCEO Master Club ជាច្រើនរូបទៀត។
លោក Roberto Carlos បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភកម្មវិធី មាន CEO Master Club និង Riellionaire ដែលបានរៀបចំកម្មវិធីនេះ។ ខ្ញុំពិតរំភើបរីករាយក្នុងការចាប់ផ្ដើមគម្រោងបន្តបន្ទាប់ ទៀតជាមួយនឹងCEO Master Club ក៏ដូចជាប្រទេសកម្ពុជា”។

“[យ៉ាងណាមិញ] ខ្ញុំពិតជាសោកស្តាយដែលមិនបានមកចូលរួមផ្ទាល់ ដោយសារតែមានធុរៈជាបន្ទាន់ជាមួយក្លឹបរបស់ខ្ញុំ គឺ Real Madrid ដោយត្រូវគោរពតាមកិច្ចសន្យារបស់ខ្ញុំជាមួយនឹងក្លឹប ដែលមានប្រការមួយបានចែងថា ខ្ញុំត្រូវទៅត្រឡប់ទៅជួយក្លឹបគ្រប់ពេល ក្នុងពេញមួយជីវិតដោយមិនអាចខកខានបាននៅពេលណាដែលក្លឹបកោះហៅ” អធិរាជហ្វ្រីខីតក្រុមជម្រើសប្រេស៊ីលបានសង្កត់ធ្ងន់ក្នុងសារវីដេអូរបស់ខ្លួន។
លោក អោម សេងបូរ៉ា បានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅថា៖ “ទោះបីជាលោក Roberto Carlos មិនបានមានវត្តមាននៅទីនេះក៏ដោយ ប៉ុន្តែខ្ញុំពិតជាមានសេចក្ដីរំភើប និងមានកិត្តិយសដែលមានមិត្តសម្លាញ់ពីរអ្នក និងក្រុមការងារបានមកចូលរួមនាពេលយប់នេះ។ ខ្ញុំបានជួបជាមួយ Roberto Linck (Betu) និង Ricardo Alves Fernandes ក្នុងនាមជាអ្នករៀបចំ ជាក្រុមការងារ និងជាអ្នករកស៊ី។ ពួកគាត់មិនមែនត្រឹមតែជាអ្នកទាត់បាល់កម្រិតពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ជារកស៊ីកម្រិតពិភពលោកផងដែរ។ រីឯលោក Roberto Carlos ជាអ្នករកស៊ី ជាសហគ្រិន ជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យអលនទ្រព្យ វិស័យសណ្ឋាគារ និងវិស័យរមណីយដ្ឋានផងដែរ។ ក្រៅពីនោះគាត់ក៏ធ្វើការខាងថតកុន ហើយគាត់ចង់មកថតកុននៅស្រុកខ្មែរដូចគ្នា។”
ជាមួយគ្នានេះលោកក៏បានបញ្ជាក់ពីបុព្វហេតុនៃការបង្កើត CEO Master Club ដែរថា៖ “ខ្ញុំជាបុគ្គលម្នាក់បានកើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីសម័យខ្មែរក្រហម រស់នៅក្នុងបរិយាកាសក្រីក្រ ពេលឃើញប្រទេសគេអភិវឌ្ឍន៍ ឯប្រទេសយើងក្រីក្រ ខ្ញុំចង់ចូលរួមចំណែកអភិវឌ្ឃន៍សេដ្ឋកិច្ចជាតិរបស់យើង។ អ្វីដែលខ្ញុំមើលឃើញនិងជឿជាក់ ប្រទេសមួយដែលខ្លាំងគឺត្រូវការសេដ្ឋកិច្ចខ្លាំង ហើយកម្លាំងដែលធ្វើឱ្យសេដ្ឋកិច្ចខ្លាំងគឺ កម្លាំងអ្នករកស៊ីក្នុងវិស័យឯកជន ព្រោះវិស័យឯកជន អាច៖ ១. ជួយបង្កើតផលិតផលសេវាកម្មដែលជាតម្រូវការរបស់មនុស្ស សង្គម និងពិភពលោក ២. ជួយបង្កើតការងារធ្វើ ផ្ដល់ប្រាក់ចំណូលដល់ប្រជាជនបានច្រើន ៣. បណ្ដុះបណ្ដាលធនធានមនុស្សបានច្រើនហើយជាក់ស្ដែងនៅកន្លែងការងារ ៤. ជួយបង្កើតចំណូលពន្ធជូនរដ្ឋបានច្រើន។ ទាំងអស់នេះគឺជាបុព្វហេតុនៃការកកើតឡើងនៃCEO Master Club។”
ស្ថាបនិករូបនេះបន្តថា បច្ចុប្បន្នយើងសង្កេតឃើញ បងប្អូនអ្នករកស៊ីខ្នាតតូចនិងមធ្យមភាគច្រើនគាត់មានសក្ដានុពលក្នុងការពង្រីក គាត់គ្រាន់តែខ្វះក្បួនដែលជួយគាត់ឱ្យមានការរីកលូតលាស់លឿនជាអាជីវកម្មបែបស្ដង់ដារតែប៉ុណ្ណោះ។ ហេតុនេះយើងបង្កើតCEO Master Clubឡើងមិនត្រឹមតែជួយគាត់ពង្រីកសាខាបាន លក់ហ្វ្រេនឆាយបាន ពង្រីកនៅក្នុងប្រទេស ឬទៅក្រៅប្រទេសបាននោះទេតែយើងនឹងជួយគាត់ដើម្បីឱ្យមានប្រភពទុនផងដែរ។
សូមបញ្ជាក់ថាក្នុងរយៈពេល១០ឆ្នាំមកនេះ CEO Master Club បានជួយបណ្ដុះបណ្ដាលសហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនជាង ១,១៦៥នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាង២,០០០ក្រុមហ៊ុនដែលបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់៕ ចាន់ដេង–សារី






