ដោយហ្សូលី
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីលី ធុច បានទទួលស្គាល់ថា ពាណិជ្ជករម៉ាឡេស៊ីបានដើរតួយ៉ាងសំខាន់ ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន។
លោកបានប្រាប់វិទ្យុអេហ្វអឹមម៉ាឡេស៊ី នៅពេលដែលលោកបានអញ្ជើញទៅទទួលពានរង្វាន់ពីក្រុមហ៊ុនម៉ាឡេស៊ីមួយ ស្ថិតក្នុងចំណោមមនុស្ស ដែលវិនិយោគនៅកម្ពុជា បន្ទាប់ពីសង្គ្រាមនិងទុរ្ភិក្សអស់រយៈពេល៣ទសវត្សរ៍។
លោកនិយាយថា “ប្រទេសកម្ពុជាត្រូវការគ្រូ ហើយត្រូវការឆ្មប មន្ទីរពេទ្យ សាលារៀន ផ្ទះ ផ្លូវថ្នល់ សម្លៀកបំពាក់និងអ្វីៗគ្រប់យ៉ាង ហើយប្រជាជនម៉ាឡេស៊ីបានចេញមុខមកបណ្តាក់ទុន”។ លោកបន្តថា “សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញដោយទេសចរណ៍និងការនាំចេញសម្លៀកបំពាក់ តែឥឡូវនេះគឺជាប្រទេសមួយ ដែលមានការរីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍”។
យោងតាមធនាគារពិភពលោក កម្ពុជាស្ថិតក្នុងចំណោមការរីកលូតលាស់លឿនបំផុតនៅលើពិភពលោក ដែលមានអត្រាជាមធ្យម៨%ចន្លោះឆ្នាំ១៩៩៨ និង២០១៨ ។
ក្នុងចំណោមអាជីវកម្មផ្សេងទៀត ដែលធ្វើដោយប្រជាជនម៉ាឡេស៊ី គឺអាជីវកម្មដែលស្ថិតនៅក្រោមវិស័យអប់រំទូរគមនាគមន៍ ធនាគារ និងវិស័យទេសចរណ៍។
លោកលី ធុច បានមានប្រសាសន៍ថា ទាំងនេះកំពុងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាតាមរយៈការផ្ទេរចំណេះដឹងនិងការងារ។
សហគ្រិនម៉ាឡេស៊ី ដំបូងបានចូលមកក្នុងប្រទេសម្ពុជា ដើម្បីផលិតវាយនភណ្ឌ ហើយលោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ឧស្សាហកម្មវាយនភ័ណ្ឌបានរីកចម្រើនទៅជាឧស្សាហកម្មមួយ ដែលមានតម្លៃដល់ទៅ១២ពាន់លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ការនាំចេញ។
លោកបានមានប្រសាសន៍ថា “អាជីវកម្មរបស់ម៉ាឡេស៊ី ក៏បានចាប់ផ្តើមវិស័យសំណង់នៅកម្ពុជាផងដែរ ដែលបច្ចុប្បន្នកំពុងតែរីកលូតលាស់”៕






