ដោយវុត្ថា
ភ្នំពេញៈ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនគារពាណិជ្ជថៃ បានចេញការព្យាករណ៍ចុងក្រោយរបស់ខ្លួនថា សេដ្ឋកិច្ចថៃនឹងកើនឡើងត្រឹមតែ២,៧ភាគរយ នៅឆ្នាំ ២០២០នេះ ដោយសារការងើបឡើងវិញបន្តិច ពីកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៩ ប្រមាណ២,៥ភាគរយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thailand Business News កាលពីពេលថ្មីៗនេះឱ្យដឹងថា ការកើនឡើងវិញបន្តិចនេះ ដោយសារវិស័យនាំចេញមានដំណើរការល្អប្រសើរ និងសេដ្ឋកិច្ចពិភពលោកមានការកើនឡើង។ កាលពីដើមសប្តាហ៍នេះធនាគារពិភពលោក ក៏បានបន្ទាបកំណើនសេដ្ឋកិច្ចរបស់ថៃ សម្រាប់ឆ្នាំនេះមកនៅកំនើនត្រឹម ២,៧%ផងដែរ។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច របស់ធនគារពាណិជ្ជថៃរំពឹងថា ធនាគារកណ្តាលថៃ នឹងរក្សាអត្រាការប្រាក់គោល១,២៥ភាគរយក្នុងមួយឆ្នាំ។ មជ្ឈមណ្ឌលនេះបាននិងកំពុងតាមដានយ៉ាងដិតដល់ លើភាពមិនប្រាកដប្រជា នៃជំលោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ Brexit និងភាពផុយស្រួយផ្នែកហិរញ្ញវត្ថុនៅក្នុងគ្រួសារ និងអាជីវកម្ម។
ការព្យាករណ៍ក៏បានបង្ហាញដែរថា សេដ្ឋកិច្ចថៃនឹងនៅតែជួបបញ្ហាប្រឈមដោយសារប្រាក់បាតថៃកើនឡើងខ្ពស់ ដែលមានតម្លៃចន្លោះពី២៩,៥ ទៅ៣០,៥ បាតក្នុងមួយដុល្លារអាមេរិក ការធ្លាក់ចុះនៃការប្រើប្រាស់ និងការវិនិយោគឯកជន បញ្ហាការងារ បំណុលគ្រួសារ និងគ្រោះរាំងស្ងួត។
ធនាគារពិភពលោកបាននិយាយថា ប្រាក់បាតដែលបានឡើងថ្លៃ៨,៩ភាគរយចាប់តាំងពីឆ្នាំកន្លងមក បានធ្វើឱ្យប៉ះពាល់ដល់ទេសចរណ៍អន្តរជាតិ និងការនាំចេញទំនិញផងដែរ៕






