GMACទាមទាឱ្យសហភាពអឺរ៉ុបបន្តផ្តល់EBA ឡើងវិញដល់កម្ពុជា

0

ដោយវុត្ថា

ភ្នំពេញៈ សមាគមរោងកច្រកាត់ដេរនៅកម្ពុជា (GMAC) បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចប្រកាសថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ របស់សហភាពអឺរ៉ុប ដែលព្យួរផ្នែកខ្លះនៃកម្មវិធី “អនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងតែគ្រឿងសព្វាវុធ”(ABA) នៅកម្ពុជា និងបានទាមទាមឱ្យផ្តល់ដល់កម្ពុជាវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញផ្សាយនៅថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ ២០២០ នេះ ឱ្យដឹងថា GMAC កម្មវិធី EBA អនុញ្ញាតឱ្យបណ្តាប្រទេសអឺរ៉ុប នាំចូលផលិតផលពីប្រទេសកម្ពុជា (លើកលែងតែគ្រឿងសព្វាវុធ) ដោយមិនយកពន្ធ និងគ្មានកូតា។ អ្នកដែលទទួលអត្ថប្រយោជន៍សំខាន់ៗពីកម្មវិធីនេះ គឺវិស័យកាត់ដេរ និងផលិតផលធ្វើដំណើររបស់កម្ពុជា ដែលតំណាងដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។

ឧស្សាហកម្មទាំងនេះ មានចំនួនប្រមាណ៧៥ភាគរយ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា និងប្រមាណ៩០ភាគរយ នៃការនាំចេញទៅសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតសម្រាប់ទំនិញ ដែលផលិតដោយបណ្តារោងចក្រតំណាងដោយGMAC ។

ការផ្តល់ការងារនៅក្នុងវិស័យទាំងនេះ ដែលគាំទ្រដោយកម្មវិធីអនុគ្រោះពន្ធ EBA មានចំនួនលើស៧៥ម៉ឺននាក់  និងបានរួមចំណែកដល់ការទាញ ប្រជាជនកម្ពុជារាប់លាននាក់ចេញពីភាពក្រីក្រ។ កម្មករភាគច្រើនបំផុតជាស្ត្រី ដែលគ្រប់គ្រងគ្រួសារ មើលថែសុខភាព និងសុខមាលភាពកូនៗ និងផ្តល់ប្រាក់ចំណូលដោយផ្ទាល់ ដល់គ្រួសារជាង២០ភាគរយនៃគ្រួសារក្នុងប្រទេសកម្ពុជា។

សមាគមបានជំរុញឱ្យគណៈកម្មការអឺរ៉ុប និង សមាជិសភាពអឺរ៉ុប ពិចារណាឡើងវិញចំពោះសេចក្តីសម្រេចនេះ ដោយពិចារណាទៅលើគុណតម្លៃ នៃកម្មវិធីនេះ ដែលត្រូវបានដាក់អនុវត្តជិត២០ឆ្នាំកន្លងមកនេះ  ជំនួយអភិវឌ្ឍន៍ ការកាត់បន្ថយភាពក្រីក្រ និងសេចក្តីថ្លែថ្នូរនៃការងារ។ កម្មវិធីEBA គឺជាជោគជ័យច្បាស់មួយ នៅក្នុងប្រទេសកម្ពុជាក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។ ការដកដោយផ្នែកខ្លះនៃកម្មវិធីនេះ នឹងបានត្រឹមតែធ្វើឱ្យបាត់បង់ការងារ និងនាំឱ្យភាពក្រីក្រ។

សេចក្តីប្រកាសដដែលបញ្ជាក់ថា GMACគោរព និងគាំទ្រការចូលរួមរបស់សហភាពអឺរ៉ុប ក្នុងការកែលម្អគោលនយោបាយសិទ្ធិមនុស្ស ។  ជាអកុសល ការដកការជួយភ្លាមៗ បែបនេះពីប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ មិនមែនជាវិធីដែលត្រូវបន្តទៅមុខនោះទេ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា សេចក្តីសម្រេចរបស់សភាពអឺរ៉ុប នឹងទំនង​ជាធ្វើឱ្យមានការភាន់ច្រឡំ ពាក់ព័ន្ធនឹងស្ថានភាពពាណិជ្ជកម្មរបស់យើង ដែលកំពុងឆ្ពោះទៅមុខ ហើយនឹងលើកទឹកចិត្តឱ្យអ្នកបញ្ជាទិញទៅទិញពីបណ្តាប្រទេសដទៃៗ ដែលមានការគោរពសិទ្ធិសហជីពអន់ឆ្ងាយជាងកម្ពុជា ហើយទំនងជាបណ្តាលឱ្យមានការបាត់បង់ការងារដល់កម្មកររាប់ម៉ឺននាក់ ហើយដែលភាគច្រើនបំផុតគឺជាសមាជិកសហជីព ហើយធ្វើឱ្យមានការភាពក្រីក្រកាន់តែខ្លាំងឡើងនៅក្នុងប្រទេស  ហើយធ្វើឱ្យវាកាន់តែលំបាកក្នុងការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករ ដោយសារផលប៉ះពាល់អវិជ្ជ​មាននៃភាពប្រកួតប្រជែងមកលើវិស័យរបស់យើង ដោយសារពន្ធដែលដាក់ដោយសហភាពអឺរ៉ុប។

សេចក្តីប្រកាសដដែលបញ្ជាក់ទៀតថា “សមាជិកGMAC មានមោទនភាពចំពោះការរួមចំណែកដែលពួកគេបានធ្វើ ហើយនឹងបន្តធ្វើការរួមចំណែកដល់ ការអភវិឌ្ឍសេដ្ឋកិច្ចកម្ពុជា។ យើងបានយល់ជាយូរមកហើយថា ការធ្វើឱ្យជីវិតរបស់មនុស្សម្នាក់ប្រសើរឡើងគឺចាប់ផ្តើមជាមួយនឹងការមានដំបូលផ្ទះ និងអាហារបរិភោគ”។

សមាគមបានជំរុញឱ្យសភាពអឺរ៉ុប ផ្តល់អត្ថប្រយោជន៍ EBA ដូចដើមវិញ សម្រាប់វិស័យរបស់យើង ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រកបដោយចីរភាព និងប្រជាជនកម្ពុជារាប់ម៉ឺននាក់ ដែលទទួលអត្ថប្រយោជន៍ពីកម្មវិធីEBA ដើម្បីចាកចេញពីភាពក្រីក្រ លើកកម្ពស់សិទ្ធិរបស់ពួកគេនៅកន្លែងការងារ និងផ្គត់ផ្គង់គ្រួសាររបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here