អគ្គនាយកដ្ឋានពន្ធដា ប្រមូលចំណូលបាន ២៤០លានដុល្លារ នៅក្នុងខែដំបូងឆ្នាំ២០២០

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្រាប់តែខែមករា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានមានចំនួន៩៥៦.៧៦ប៊ីលានរៀល ស្មើនឹងប្រមាណជា ២៣៩.១៩លានដុល្លារអាមេរិក កើនឡើង១៤.៧៤ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលកត់ត្រាតាមប្រភេទ អ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ២០២០នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ផងដែរក្នុងនោះ អ្នកជាប់ពន្ធធំកើនឡើង ១២.៩៨ភាគរយ អ្នកជាប់ពន្ធមធ្យមកើនឡើង ៣៩,១២ភាគរយ និងជាពិសេស អ្នកជាប់ពន្ធតូច កើនឡើង៦០៧,៩៧ភាគរយ។

លោកបានណែនាំបន្ថែម ដល់គ្រប់អង្គភាព ឱ្យបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។ ក្នុងស្មារតីបុរេសកម្ម និងអនុវត្តតាមអនុសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះហានីភ័យនៃម៉ាក្រូសេដ្ឋកិច្ចសាកល និងក្នុងតំបន់ ក្នុងកាលៈទេសៈដែលស្ថានភាពនៃការប្រកួតប្រជែង នៃពាណិជ្ជកម្មអន្តរជាតិ និងបម្រែបម្រួលនៃភូមិសាស្ត្រនយោបាយផងដែរ ព្រមទាំងត្រូវគិតគូរទាំងទិដ្ឋភាព (១) ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និង (២) វិធានការជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលផ្តល់នូវស្ថានភាពអំណោយផលនិងទាក់ទាញការវិនិយោគ។
សម្រាប់ឆ្នាំ២០២០នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ១១,៥៤៣.៣១ប៊ីលានរៀល (ប្រមាណ២ ៨៨៥.៨៣លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម ៖
* បន្តពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រថ្មី ស្របតាមប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ។
* បន្តរៀបចំយន្តការពិនិត្យ និងតាមដានការគេចវេះពន្ធ ចំពោះប្រភេទទំនិញដែលមានហានិភ័យដល់ចំណូលពន្ធមួយចំនួន ជាអាទិ៍ សម្ភារសំណង់ ស៊ីម៉ង់តិ៍ បេតុងនិងប្រេងឥន្ទនៈ ព្រមទាំងបន្តពង្រឹងយន្តការពិនិត្យ និងតាមដាន ការអនុវត្តការបិទតែមប្រិ៍អាករលើផលិតផលបារី និងរៀបចំអនុវត្តការបិទតែមប្រិ៍អាករ លើផលិតផលស្រាបៀរ ដើម្បីឱ្យការបង់ពន្ធមានតម្លាភាព និងធានាការប្រកួតប្រជែងដោយស្មើភាព។
* បន្តពង្រឹងការងារចុះបញ្ជីពន្ធដារ ឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដើម្បីធានាការផ្ដល់សេវាឱ្យបានល្អប្រសើរ និងការគ្រប់គ្រងចំណូលពន្ធ មានប្រសិទ្ធភាពខ្ពស់។
* បន្តការរៀបចំកម្មវិធី “ពន្ធដារកម្ពុជា” ដោយផ្សព្វផ្សាយនិងជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់ (GDT Facebook Live)។
* បន្តពង្រឹងការងារចាត់ចែងលិខិតប្រកាស ដោយត្រៀមដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing), កម្មវិធីប្រកាសពន្ធសម្រាប់អ្នកជាប់ពន្ធតូច និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មី។
* ត្រៀមអនុវត្តដាក់ឱ្យប្រើប្រាស់ នូវកម្មវិធីវិក្កយបត្រនាំសំណាង (Invoice Lucky Draw App) ដើម្បីពង្រឹងអនុលោមភាពសារពើពន្ធ និងតម្លាភាព ក្នុងការកំណត់ហានិភ័យដើម្បីធ្វើសវនកម្មពន្ធដារ។
* បន្តពង្រឹងប្រសិទ្ធភាព នៃត្រួតពិនិត្យការតាមដានឯកសារ និងផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធ ឬសាធារណជនមានភាពងាយស្រួល ក្នុងការតាមដានពីវឌ្ឍនភាព នៃឯកសាររបស់ខ្លួន ដែលបានដាក់មកកាន់ អគ្គនាយកដ្ឋានពន្ធដារដោយប្រើប្រាស់នូវកម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (Document Checking and Tracking App)។
* ដាក់ឱ្យអនុវត្តនូវគោលការណ៍ នៃកម្មវិធីកែទម្រង់ធនធានមនុស្ស ជាពិសេសគោលការណ៍កំណត់ចំណាត់ថ្នាក់ នៃកម្រិតប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ ប្រធានអង្គភាព (Merit and Demerit System)។
* បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៍បង់ពន្ធ និងពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ជាពិសេស សម្រាប់រយៈពេលនៃការប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ដោយបន្តពង្រឹងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលជូនមន្ត្រីអនុវត្តផ្ទាល់ និងជូនអ្នកជាប់ពន្ធ។
* ពង្រឹងកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ ដោះស្រាយករណីឯកសារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធកកស្ទះនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តចុះយុទ្ធនាការជួយខេត្តដែលបានការកកស្ទះឯកសារ និងបន្តអនុវត្តយន្តការដោះស្រាយដូចភ្លៀងរលឹម។

* បន្តជំរុញបញ្ចប់ការរៀបចំធ្វើបច្ចុប្បន្នភាព ច្បាប់ស្ដីពីសារពើពន្ធ និងបទប្បញ្ញត្តិស្ដីពីពន្ធដារនានា ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យសម្រេច។
* បន្តអនុវត្តវិធានការចាំបាច់នានាដូច ដែលមានកំណត់ក្នុងសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២០ និងយុទ្ធសាស្រ្តកៀគរចំណូល ឆ្នាំ២០១៩-២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here