ដោយវត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចឱ្យក្រុមហ៊ុននាំចេញរបស់កម្ពុជា ទៅសហភាពអឺរ៉ុបបង់ពន្ធចំពោះការផ្តាច់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬEBA” ពីកម្ពុជាកាលពីថ្ងៃទី ១២ ខែកុម្ភៈ កន្លងមកនេះ ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ លានដុល្លារងក្នុងមួយឆ្នាំ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានមានប្រសាសន៍ថា កម្ពុជាទទួលយកការសម្រេចរបស់សភាពអឺរ៉ុប ប៉ុន្តែសហភាពអឺរ៉ុបខ្លួនឯងក៏ត្រូវទទួលយកនូវការសម្រេចរបស់កម្ពុជាផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោថ្លែងថា គ្មានការឆ្លើយតបទៅកាន់សហភាពអឺរ៉ុបចំពោះការសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA លើការនាំចូលទីផ្សារអឺរ៉ុបពីកម្ពុជានោះទេ។
សម្តេចតេជោបន្តថា “ខ្ញុំទទួលយកការសម្រេចរបស់អ្នក តែសុំឲ្យអ្នកទទួលយកការសម្រេចរបស់កម្ពុជាផងដែរ។ វាជាសិទ្ធិរបស់គេ គេអ្នកសម្រេច តែគេក៏ត្រូវគោរពនូវសិទ្ធិសម្រេចរបស់យើងផងដែរ ខ្ញុំអត់មានអីតបតទេ !” ។
សម្តេចបន្តថា “ខ្មែរស់វេទនាណាស់ទម្រាំបានងើបឈរប៉ុណ្ណេះ ហើយបង់ពន្ធឲ្យគេទៅក្នុង១ឆ្នាំ១០០លាន ឬជាង១០០លានដុល្លារតិចតួចបង់ទៅ។ ផ្សារនៅតែនាំចូលនាំចេញដដែល ឲ្យក៏យក មិនឲ្យក៏ហី។ ប៉ុន្តែសេចក្តីថ្លែងការណ៍ផ្សេងៗ គឺចាំដល់ថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០២០ អីចឹងវាអត់មានសេចក្តីថ្លែការណ៍”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញនូវក្តីបារម្ភចំពោះផលប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ចកម្ពុជា ក្នុងគ្រាដែលពិភពលោកកំពុង ជួបនូវវិបត្តិនៃការផ្ទុះឡើងនៃជំងឺ កូរ៉ូណា ឬ COVID-19 ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ហើយករណីនេះសម្តេចបញ្ជាក់ថា មិនមែនកើតឡើងតែកម្ពុជានៅទេ សូម្បីសេដ្ឋកិច្ចអាស៊ី និងអឺរ៉ុបក៏ប៉ះទង្គិចលើវិស័យទេសចរណ៍ផងដែរ។
សម្តេចតេជោបានថ្លែងទៀថា ក្រៅពីប៉ះទង្គិចលើវិស័យទេសចរណ៍ហើយ ក៏មានការប៉ះពាល់ដល់ផ្នែកខ្លះនៃវិស័យឧស្សាហកម្មផងដែរ ដោយសារតែវត្ថុធាតុដើមដែលផលិតនៅចិន បន្ថែមលើសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក ដែលកំពុងកើតមាន ធ្វើឲ្យពិបាកនឹងព្យាករណ៍ទុកនូវកំណើនសេដ្ឋកិច្ចពិភពលោក ខណៈការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ រំពឹងថាកើតឡើង៦.៥ភាគរយ ប៉ុន្តែកំណើននេះអាចនឹងមានការថមថយចុះ។
សម្តេចតេជោបញ្ជាក់ទៀត ថា ការថយចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនដោយសារតែការកាត់ចេញផ្នែកខ្លះនៃ EBA នោះទេ។
គណៈកម្មការសភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ។ តាមការវាយតម្លៃរបស់ផ្នែកឯកជន ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើកផលិតផល៤១មុខរបស់កម្ពុជា។ សេចក្តីសម្រេចនេះនឹងចូលជាធរមាន នៅរយៈពេល៦ខែទៀត ពោលគឺក្នុងខែសីហា ឆ្នាំ២០២០នេះ ប្រសិនបើសភារបស់អឺរ៉ុបអនុម័តយល់ព្រម តាមការសម្រេចរបស់គណៈកម្មការអឺរ៉ុបនោះ៕






