ទង្វើរមនុស្សធម៌របស់ប្រទេសកម្ពុជានឹងត្រូវបានចងចាំជាប្រវតិ្តសាស្ត្រ

0

ដោយ ប៊ី

ភ្នំពេញ៖ ពាក្យនៃការថ្លែងអំណរគុណ និងការកោតសរសើរនឹងត្រូវបានចងចាំជាប្រវត្តិសាស្ត្រ និងលើកឡើងសម្រាប់ទង្វើរមនុស្សធម៌ប្រទេសកម្ពុជា បន្ទាប់ខ្លួនបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលបានជាប់គាំងនៅលើសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ដោយសារការភ័យខ្លាចកូរ៉ូណាវីរុស (COVID-19) ចូលចតនៅកំពង់ផែសមុទ្រខេត្តព្រះសីហនុដោយមិនស្ទាក់ស្ទើរ។

នាវាដែលដឹកអ្នកដំណើរចំនួន ១,៤៥៥ នាក់ និងនាវិក ៨០២ ត្រូវបានបដិសេធមិនឱ្យចូលកំពង់ផែដោយប្រទេសថៃ ជប៉ុន តៃវ៉ាន់ ហ្គាម និងហ្វីលីពីនដោយសារក្តីបារម្ភអំពីវីរុសនេះ។

នាវាដឹកអ្នកដំណើរ ដែលធ្វើដំណើរកម្សាន្តបានទៅដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅប៉ែកនិរតីនៃប្រទេសកម្ពុជាកាលពីថ្ងៃ ព្រហស្បតិ៍ ហើយអ្នកដំណើរត្រូវបានអនុញ្ញាតឱ្យចាកចេញពីកប៉ាល់នៅព្រឹកថ្ងៃ សុក្រ នេះ បន្ទាប់ពីអ្នកដំណើរទាំងនោះបានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ចំពោះអ្នកដំណើរដែលចុះពីនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃ សុក្រ ដោយចាប់ដៃ និងជួនផ្កាកុលាបក្រហមសម្រាប់ដំណើរម្នាក់ៗ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងព្រឹត្តិការណ៍នោះថា “ទោះបីកម្ពុជាជាប្រទេសតូចក៏ដោយ ក៏ប្រទេសនេះតែងតែចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាដែលពិភពលោក និងតំបន់កំពុងប្រឈម”។

សម្តេចតេជោ បានថ្លែងថា ការសម្រេចចិត្តមនុស្សធម៌ក្នុងការអនុញ្ញាតឱ្យនាវានេះចូលចតក្នុងគោលបំណងជួយលុបបំបាត់ការរើសអើង និងភាពភិតភ័យចំពោះជំងឺ COVID-19។

ការសម្រេចចិត្តរបស់កម្ពុជាក្នុងការទទួលនាវាទេសចរណ៍ MS Westerdam អោយចុះចតនៅក្រុងព្រះសីហនុក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៍ដោយគ្មានការរើសអើងជាតិសាសន៍ ក្នុងការលើកស្ទួយ ការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិដែលជាប់គាំងនៅក្នុងនាវាទាំងអស់។ ការសម្រេចចិត្តត្រឹមត្រូវរបស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំងពិភពលោកបានគាំទ្រនូវកាយវិកាមនុស្សធម៌របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពី អង្គការសុខភាពពិភពលោក (World Health Organization) អង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) អង្គការឆ្នេរស្អាតបំផុតពិភពលោក ( The World’s Most Beautiful Bay) និង ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។

នៅពេលនេះចំនួនអ្នកទេសចរចម្រុះជាតិសាសន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យសុខភាពថាគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារសុខាក្នុងរាជធានីភ្នំពេញ។ ច្បាស់ណាស់ បើសាម៉ីប្រទេសគេមិនគិតដល់ពលរដ្ឋគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេលនេះបានមកទីសុវត្ថិភាពក្នុងប្រទេសយើងហើយ។

លោក Donald Trump បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “សូមអរគុណដល់ប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលអនុញ្ញតឲ្យនាវា Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា។ សហរដ្ឋអាមេរិក នឹងចងចាំពីកាយវិការមនុស្សធម៌នេះ‍”។

សារព័ត៌មាន Straight Times ដែលមូលដ្ឋាននៅសឹង្ហបូរី បានចុះផ្សាយថា ប្រទេសកម្ពុជាបានទទួលការកោតសរសើរ ចំពោះទង្វើមនុស្សធម៌របស់ខ្លួន ដែលអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នៅលើបណ្តាញសង្គម Twitter ប្រធាននៃអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesu បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបានត្រួសត្រាយផ្លូវសម្រាប់កប៉ាល់ចូលចត។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកPatrick Murphy បានមានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការរួមគ្នាលើបញ្ហានេះ។

លោកបានថ្លែងថា “យើងសូមកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានផ្តល់ជំនួយដល់នាវាMS Westerdam។ សុវត្ថិភាពរបស់ជនជាតិអាមេរិក នៅបរទេសគឺជាអាទិភាពខ្ពស់បំផុតរបស់ខ្ញុំ”។

ក្រុមបុគ្គលិករបស់ស្ថានទូតអាមេរិក នៅក្រុងព្រះសីហនុ ដើម្បីជួយដល់អាជ្ញាធរក្នុងការចាកចេញ និងផ្ទេរទៅទិសដៅបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here