សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយគណៈមេធាវីកម្ពុជា​ផ្តល់ជំនួយផ្នែកច្បាប់​ដល់វិស័យឯកជន

0

ដោយវុត្ថា

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយនឹង គណៈមេធាវីនៃកម្ពុជា ផ្តល់ជំនួយ និងសម្រប់សម្រួលផ្នែកច្បាប់ដល់វិស័យឯកជន ខណៈកាលពីកន្លែងមកនេះវិស័យឯកជនមានបញ្ហាច្រើនក្នុងការដោះស្រាយទំនាស់ពាណិជ្ជកម្ម និងវិនិយោគ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រpropertyarea.asia នៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២០ នេះ ឱ្យដឹងថា កាលពីម្សិលមិញនេះ សភាពណិជ្ជកម្មបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយនឹងគណៈមេធាវី កម្ពុជាក្នុងគោលបំណងនៃពិធីនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម និងសេវាកម្មច្បាប់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។

លោកបន្ថែមថា ជាមួយគ្នានេះផងដែរ អនុស្សរណៈនៃការយោគយល់ (MOU) នេះនឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងគោលដៅផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលទាក់ទងនឹងការវិវឌ្ឍន៍ផ្នែកពាណិជ្ជកម្ម សេវាកម្មច្បាប់ និង ចំណេះដឹង បទពិសោធន៍ផ្នែកច្បាប់ ជាពិសេសច្បាប់ទាក់ទងនឹងវិស័យពាណិជ្ជកម្ម។

លោកបន្តថា “យើងដឹងហើយវិស័យឯកជនមានការខ្វះខាតលើការយល់ដឹងច្រើងក្នុងវិស័យផ្នែកច្បាប់ ។ ដល់អញ្ចឹងយើងមានគណៈមេវីមកចុះ MOU ជាមួយសភាពាណិជ្ជកម្មកម្ពុជាដើម្បីសហការគ្នាក្នុងការសម្របសម្រួលផ្នែកច្បាប់ “។

លោកបន្តថា “ជាធម្មតា សមាជិកសភាពាណិជ្ជកម្មទាំងអស់នៅពេលរកស៊ីតែងតែជួបបញ្ហាផ្នែកផ្លូវច្បាប់ ហើយស្វែងរកមេធាវី ក្នុងការដោះស្រាយ ។ មិនត្រឹមតែមានប៉ុណ្ណេះនោះទេ យើងមានសហក្រុមការងារចំនួន ១៣ ដែលបានបង្កើតកន្លងមកនេះ មានបញ្ហាពាក់ព័ន្ធផ្លូវច្បាប់ជាមួយស្ថាប័នរដ្ឋ ក៏ត្រូវការសិក្សាបន្ថែមទៀត ក្នុងការចូលរួមកែទម្រង់ស៊ីជម្រៅលើយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល”។

ក្នុងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីកម្ពុជានេះដែរ បើតាមលោក ឧកញ៉ា លឹម ហេង គ្រោងនឹងស្នើទៅរដ្ឋាភិបាលបង្កើតសហក្រុមការងារចំនួន ២ទៀត ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងនៅចំពោះមុខ ដែលកើតចំពោះវិស័យឯកជនបានជួបនូវអំពើអយុត្តិធម៌ច្រើន ជាមួយប្រព័ន្ធតុលាការ និង អជ្ញាធរមូលដ្ឋានជាដើម។

លោកឧកញ៉ា បញ្ជាក់ថា “សហក្រុមការងារនេះ គ្រោងសហការជាមួយក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ តែសម្រេចយ៉ាងណា នោះអាស្រ័យលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here