ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលសាធារណរដ្ឋគុយបា បានបង្ហាញពីក្ដីសាទរ និងមានសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ជាមួយនឹងការប្ដេជ្ញាពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំង២ឱ្យកាន់តែប្រសើរ។

ទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋគុយបា រហូតមកដល់ពេលបច្ចុប្បន្ននេះ បានកើតមានរយៈពេល៦០ឆ្នាំកន្លងមកហើយ ពោលគឺតាំងពីគ្រាដែលប្រទេសគុយបា ស្ថិតនៅក្នុងស្ថានភាពជាប្រទេសកំពុងអភិវឌ្ឍន៍ ដោយជានិច្ចកាល គុយបា តែងបង្ហាញពីទឹកចិត្តសប្បុរសធម៌ ផ្ដល់ជំនួយជាច្រើនដល់កម្ពុជា ជាពិសេសវិស័យអប់រំ និងសុខាភិបាល ហើយបច្ចុប្បន្ននេះក៏នៅតែរក្សាចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការឥតឈប់ឈរ។
លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយលោកស្រី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា ដែលតែងតែចូលរួមរំលែកនូវទុក្ខលំបាក ដែលផ្តល់ជំនួយក្នុងនាមជាមនុស្សធម៌ និងការជំរុញកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។
លោកបានបន្តទៀតថា “ថ្វីបើ គុយបានិងកម្ពុជាស្ថិតឆ្ងាយពីគ្នា ប៉ុន្តែប្រទេសទាំង២មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងមានទឹកចិត្តមនុស្សធម៌ដូចគ្នា ហើយផ្អែកលើមូល ដ្ឋានគ្រឹះយ៉ាងរឹងមាំ នៃកិច្ចទំនាក់ទំនងប្រទេសទាំង២ នឹងមានកាលានុវត្តភាពក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី តំបន់ និងអន្តរជាតិ ហើយនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា”។

ជាការគួរឱ្យកត់សម្គាល់ លោកស្រី Liurka Rodrœguez Barrios បានបង្ហាញពីក្ដីសាទរ និងគាំទ្រនូវយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែដាក់ចុះឱ្យអនុវត្តន៍ ដែលទទួលបានភាពរីកចម្រើន និងអភិវឌ្ឍន៍ប្រទេសបានយ៉ាងលឿនក្នុងរយៈពេលខ្លី។ លោកស្រីក៏បានសន្យា និងប្តេជ្ញាចិត្តក្នុងការចូលរួមជួយផ្សព្វផ្សាយ ពីសក្ដានុពលលើការវិនិយោគ ក៏ដូចជាកៀងគរនូវវិនិយោគិន ពីប្រទេសគុយបាមកកាន់កម្ពុជា ដើម្បីពង្រីកវិសាលភាពនៃទំហំពាណិជ្ជកម្ម និងការវិនិយោគបន្ថែម៕






