ដោយវុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី៦ មិនាខាងមុខ នឹងអញ្ជើញសម្ភោធបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០ និងសម្ភោធបើកឲ្យដំណើរការផ្លូវជាតិលេខ៥៥ ដែលជាផ្លូវដ៏សំខាន់ជាប្រវត្តិសាស្រ្តនៃភូមិភាគឥសាន្តប្រទេស។

លោក វ៉ាស៊ីម សូរីយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រាប់គេហទំព័រ propertyarea.asia នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា តាមសេចក្តីជូនដំណឹងរបស់ទីស្តី ការគណៈរដ្ឋមន្ត្រីបានកំណត់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០ ដែលជាផ្លូវថ្មី និងដាក់ឱ្យដំណើរការជាផ្លូវការនូវផ្លូវជាតិលេខ៥៥ព្រមគ្នា។
លោកសង្កត់ធ្ងន់ថា “ផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ ៥៥ នឹងបើកព្រមគ្នា ពោលមួយបើកការដ្ឋានស្ថាបនា និងមួយទៀតដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីអញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះ ឱ្យដឹងថា នៅក្នុងអំឡុងខែមីនា ខាងមុខនេះ នឹងដាក់ឱ្យដំណើរការផ្លូវលេខ៥៥ ដែលតភ្ជាប់ជាមួយនឹងខេត្តពោធិសាត់ ទៅកាន់តំបន់ថ្មដារ និងបើករដ្ឋានសាងសង់ផ្លូវជាតិលេខ១០។

សម្តេចបន្តថា “ខ្ញុំនឹងទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ជាមួយនឹងខេត្តពោធិសាត់ ទៅកាន់តំបន់ថ្មដារដែលជាតំបន់ព្រំដែនកម្ពុជាថៃ ព្រមជាមួយគ្នានេះ ដែរ ខ្ញុំនឹងបើកបើករដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវថ្មីដែលតភ្ជាប់ពីសំឡូនៃខេត្តបាត់ដំបង ដោយតភ្ជាប់ពីតំបន់ថ្មដារខេត្តពោធិសាត់ និងចុះមកកោះកុង”។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥៥ នេះបានក្លាយជាវិថីដ៏មានសក្ដានុពលទេសចរណ៍ថ្មីនៅលើដែនដីនៃខេត្តពោធិ៍សាត់ ដោយសារតែធនធានធម្មជាតិប្រចាំតំបន់ រួមជាមួយនឹងវិធានការការពារ និងកែច្នៃក្រោមការគ្រប់គ្រងដោយក្រសួងទេសចរណ៍។
លោកបន្តថា ផ្លូវជាតិលេខ៥៥ ផ្លូវប្រវែងជាក់ស្តែងសរុបចំនួន១៨០គម និងទទឹង៩ម៉ែត្រ ស្ពានចំនួន៤៥នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវ DBST គិតចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។
លោកបន្តថា គម្រោងផ្លូវនេះ បានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់១០០ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់អស់រយៈពេល៤២ខែ។
លោកស៊ុន ចាន់ថុលបញ្ជាក់ទៀតថា ផ្លូវជាតិលេខ១០ មានប្រវែង១៩៣ គីឡូម៉ែត្រ ដែលតភ្ជាប់ចេញពីស្រុកសំឡូតនៃខេត្តបាត់ដំបង ទៅខេត្តកោះកុង ដោយឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងផ្លូវមួយខ្សែនេះ ទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលចិនប្រមាណ១៨៣ លានដុល្លារអាមេរិកសម្រាប់ការសាងសង់។
សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា “ការភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធនេះ គឺបានផ្តល់ផលចំណេញរបស់ប្រជាជនកម្ពុជា ហើយនៅពេលផ្លូវនេះស្ថាបនារួចហើយ អ្នកនៅបាត់ដំបង អ្នកនៅបន្ទាយមានជ័យ ប៉ៃលិន និងពោធិសាត់មិនបាច់ធ្វើដំណើរឆ្លងកាត់ទិក្រុងភ្នំពេញ ហើយទើបធ្វើដំណើរទៅខេត្តព្រះសីហនុ ទៀតនោះទេ ដោយពួកគេអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវថ្មីមួយខ្សែរនេះ ចេញទៅខេត្តកោះកុង និងទៅខេត្តព្រះសីហនុតែម្តងដោយចំណេញពេលវេលា និងថវិកា”។
សម្តេចតេជោ បន្ថែមទៀតថា ប្រការនេះ ទើបធ្វើរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយស្ថាបនាផ្លូវ ពង្រីកផ្លូវ និងថែទាំផ្លូវ នានានៅទូទាំងប្រទេស។
សម្តេចតេជោថ្លែងថា “កន្លងមកកម្ពុជាបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះរួមមានផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្នក៏យើងនៅតែអនុវត្តដដែរ ដោយគ្រាន់តែប្តូមកទិសមកជា មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រទាំងនេះ ជាភាពជោគជ័យរបស់យើងកន្លងមក ដែលជាការរួមចំណែកក្នុងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចកម្ពុជាយើង”៕






