ដោយៈ រ៉ាណេត
ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងទី៣ប្រវែងជាង៥០គីឡូម៉ែត្រ នឹងគ្រោងបញ្ជប់នៅខែធ្នូ ឆ្នាំ២០២១ខាងមុខ បច្ចុប្បន្នជាលទ្ធផលនៃការសាងសង់ សម្រេចបានប្រមាណជាង៤០ភាគរយហើយ។ នេះបើតាមការឱ្យដឹងពីមន្ត្រីជំនាញ នៃក្រសួងសាធារណៈបង្ហើបប្រាប់ឱ្យដឹង។

បច្ចុប្បន្នសកម្មភាពនៃការស្ថាបនាផ្កូវ និងស្ពានសំខាន់ៗនៃផ្លូវក្រវ៉ាត់ក្រុងទី៣នេះបានធ្វើឡើងយ៉ាងសកម្ម ព្រោះវាជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដោយនឹងប្រើរយៈពេលសាងសង់ចំនួន ៤២ខែ និងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
ផ្អែកតាមល្បឿននៃការសាងសង់នេះ គេរំពឹងថាផ្លូវក្រវ៉ាត់ក្រុងទី៣នេះនឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ដោយសារមានការជំរុញពីសំណាក់របស់រដ្ឋាភិបាល និងពីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយធ្វើយ៉ាងណាធ្វើឱ្យបានលឿនតាមផែនការ ឬមុនផែនការ។
មន្ត្រីជំនាញដដែលបានឱ្យដឹងបន្តទៀតថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ នេះ ត្រូវបានចំណាយថវិកាសរុបប្រមាណ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពន្ធនិងសួយសារអាករ ហើយសម្រាប់ការស្ថាបនា។
គោលបំណងក្រៅពីបម្រើដល់វិស័យដឹកជញ្ជូន ផ្លូវមួយខ្សែនេះអាចកាត់បន្ថយការកកស្ទះចរាចរ ក្នុងទីក្រុង និងការធ្វើសមាហរណកម្មផ្ទៃក្នុង ដោយផ្លូវក្រវាត់ក្រុងទី៣តភ្ជាប់ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តក ណ្តាល ប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ។

ផ្លូវនេះមានទំហំទទឹងផ្លូវរហូតដល់ទៅ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន និងសម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ការសាងសង់នេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈពេលសាងសង់ចំនួន ៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១៕






