ដោយវុត្ថា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំប្រព័ន្ធលូ នៅតាមមហាវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីបង្ហូទឹកឱ្យបានលឿនជាងមុនដើម្បីបញ្ជៀសការលិចលង់នៅក្នុងរដូវវស្សាដែលនឹងមកដល់នាពេលខាងមុខនេះព្រមទាំងកុំអោយបងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

លោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ក្រោមអាណត្តិនៃការគ្រប់គ្រងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឹងនឹងកំពុងដោះស្រាយបញ្ហាលូ និងប្រឡាយទឹកនៅក្នុងរាជធានីភ្នំពេញ ដើម្បីរដោះទឹកជំនន់ដែលអាចនឹងបង្កកើតមាននៅក្នុងរដូវវស្សា។
លោកបន្តថា បញ្ហាការស្តារប្រព័ន្ធលូ ប្រឡាយទឹកព្រមទាំងការពង្រីកផ្លូវនៅក្នុងក្របខណ្ឌរាជធានីភ្នំពេញ គឺជាកិច្ចការការងារអាទិភាពរបស់រដ្ឋាភិបលរាជធានីភ្នំពេញ សម្រាប់បញ្ជៀសកុំអោយមានទឹកជំនន់កើតឡើងនៅពេលមានភ្លៀងធ្លាក់ម្តងៗ។
លោកបន្ថែមទៀតថា ការនេះ ទាំងនេះរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងអនុវត្ត និងសហការជាមួយដៃគូរអភិវឌ្ឍន៍ រួមមានអង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជា ហៅកាត់ (JICA) ក៏បាននឹងកំពុងអនុវត្តគម្រោងជំហ៊ានទី ៤ របស់ខ្លួន ក្នុងការរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញបានកាន់តែលឿន ។
លោកបញ្ជាក់ថា កន្លងមកមានតំបន់មួយចំនួន ដូចជា តំបន់ផ្សារកណ្តាល ផ្សារចាស់ និងតំបន់មួយចំនួនទៀត បានលិចលង់ក្នុងរដូវវស្សរហូតដល់ត្រឹមចង្កេះ ហើយមានរយៈពេលយូ ដោយសារតែបញ្ហាលូតូ និងការកកស្ទះកាកសំណល់សំរាម តែក្នុងឆ្នាំ ២០១៩ កន្លងមកនេះ បើទោះមានការលិចយ៉ាងក្តី តែប្រើពេលមិនដល់មួយម៉ោងផង ទឹកក៏ហូអស់។
លោករំពឹងថា សម្រាប់រដូវវស្សានៅក្នុងឆ្នាំ ២០២០ នេះ នឹងកាន់តែល្អប្រសើមួយកម្រិតទៀត ដោយសារតែរដ្ឋភិបាលរាជធានីភ្នំពេញបានស្តារ និងពង្រីកប្រឡាយ ព្រមជាមួយនឹងការសហការជាមួយនឹង JICA ពង្រីកប្រព័ន្ធលូនានានៅក្នុងទីក្រុងភ្នំពេញកាន់តែធំជាងមុន នឹងធ្វើឱ្យបញ្ហាទឹកជំនន់នៅក្នុងលែងជាបង្កជាបញ្ហាខ្លាំងទៀតហើយ។
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញតែងតែបើកប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ជៀសជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ និងធានាបានការបង្ហូរទឹកចេញបានឆាប់រហ័ស។ លោកអភិបាលរាជធានី បានណែនាំដល់មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាគ្រប់គ្រង ស្តារ និងបើកផ្លូវទឹកឱ្យបានល្អគ្រប់ទីកន្លែង។
លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញធ្លាប់ឱ្យដឹងថា “ការដោះស្រាយ និងការគ្រប់គ្រងប្រព័ន្ធលូ ប្រឡាយឱ្យបានល្អ គឺជាការងារអាទិភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់”៕






