ដោយវុត្ថា
ភ្នំពេញៈ ផ្លូវជាតិលេខ៥៨តភ្ជាប់ពីក្រុងប៉ោយប៉ែត (ផ្លូវជាតិលេខ៥) ទៅដល់ផ្អុង(ផ្លូវជាតិលេខ៦៨) ប្រវែងសរុប ១៧៤,១៦ គីឡូម៉ែត្រ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះបាន កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៥៨ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការត្រៀមរៀបចំរបស់គណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅឱ្យការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមការគ្រោងទុក។
លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគណៈកម្មការទទួលបន្ទុក សហការជាមួយស្ថាប័នពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ដើម្បីពន្លឿនការងាររបស់ខ្លួនដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់តាមកាលកំណត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ផ្លូវនេះជាប្រភេទផ្លូវ DBST ដែលមានប្រវែងសរុបចំនួន១៧៤ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រនេះ សាងសង់ដោយក្រុមហ៊ុនShanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះដែរ ផ្លូវមួយខ្សែនេះសាងសង់ឡើង ក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១២២លានដុល្លារសហរដ្ឋអាមេរិក៕






