លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ស្នើក្រុមហ៊ុងសាងសង់ផ្លូវជាតិលេខ១០ គិតគូរពីបរិស្ថាន

0

ដោយវុត្ថា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន  បានស្នើដល់ក្រុមការងារបច្ចេកទេសសាងសង់ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)  សាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវថ្មីគិតគូពីបរិស្ថាន និងព្រៃឈើ។

នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួ​ងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដែលដឹកនាំដោយលោកZhan Jinsheng នាយកគ្រប់គ្រងក្រុមហ៊ុនCRBCនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ផ្តោតលើគោលបំណង ដើម្បីពិភាក្សាពិនិត្យលើជម្រើស តម្រាយផ្លូវថ្មីចាប់ពីវាលវែងទៅខេត្តកោះកុង នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលត្រូវបានធ្វើការសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។

លោកបន្តថា “ផ្លូវជាតិលេខ១០ មានគម្រោងសាងសង់ធ្វើជាផ្លូវហាយវេជាតិ ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង និងតភ្ជាប់កំពង់ផែខេត្តកោះកុង និងខេត្តប៉ែកខាងជើងប្រទេស ដែលអាចជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញ ប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ”។

ជាមួយគ្នានេះផងដែរ លោក ទេសរដ្ឋមន្ត្រី បានស្នើឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស្ពានថ្នល់ ចិនសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីបង្ការកុំឲ្យមានការឆ្លៀតឱកាសកាប់បំផ្លាញព្រៃ ឈើខុសច្បាប់ក្នុងអំឡុងពេលសាងសង់ និងបានសំណូមពរឲ្យគោរពតាមលក្ខខណ្ឌនានា ដែលកំណត់ដោយក្រសួងបរិស្ថានផងដែរ។

លើសពីនេះទៀត លោក ទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រុមការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ពិនិត្យលើផលប៉ះពាល់ផ្នែកបរិស្ថាន ដូចជា ការកាប់បំផ្លាញព្រៃឈើធ្វើឲ្យខូចជម្រកសត្វព្រៃជាដើម។

តាមគម្រោងផ្លូវជាតិលេខ១០ គ្រោងបើកការដ្ឋានសាងសង់ស្របជាមួយនឹងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ៥៥ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here