ដោយ ៖ រ៉ាណេត
ភ្នំពេញៈ គិតចាប់ពីចំណុចគល់ស្ពានអាកាសក្បាលថ្នល់ រហូតដល់ផ្លូវបំបែកសាលាខេត្តកណ្តាលនៃផ្លូវជាតិ២ ដែលជាអតីតតំបន់រោងចក្រនោះ ត្រូវបានអ្នកជំនាញអះអាងថា នឹងប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មកម្រិតមធ្យម។

ធ្លាប់តែជាតំបន់ដែលប្រមូលផ្តុំទៅដោយរោងចក្រ បច្ចុប្បន្ន តំបន់ដែលស្ថិតនៅសងខាងផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម ត្រូវបានជំនួសដោយមណ្ឌលពាណិជ្ជកម្មចំរុះ និងការិយាល័យជួល (Office Space)។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកថា តំបន់ខាងលើនេះ មានភាពប្រែប្រួលច្រើន ដែលវាមិនមែនជាតំបន់រោងចក្រដូចកាលពី១០ឆ្នាំមុននោះទេ។
លោកស្រីបានបន្តថា “កាលពីជាង១០មុន តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ២ ជាបណ្តុំរោងចក្រ ប៉ុន្តែពេលនេះស្របពេលដែលរដ្ឋាភិបាល ជំរុញឱ្យរោងចក្រទាំងនោះចេញទៅក្រៅក្រុង វាត្រូវបានប្រែក្លាយជាមណ្ឌលពាណិជ្ជកម្មជំនួសវិញ”។
លោកស្រីបន្តទៀតថា“បច្ចុប្បន្ននេះ បើទោះជាតំបន់ខាងលើនេះមានភាពប្រែប្រួល និងរីកចម្រើនយ៉ាងណាក្ដី ប៉ុន្តែសម្រាប់តម្លៃអចលនទ្រព្យនៅតំបន់ខាងលើនេះ ហាក់នៅមានកម្រិត”។លោកស្រីបន្ថែមថា “តំបន់នេះមិនសូវមានផ្ទៃដីទំនេរសម្រាប់អភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបក្នុងទ្រង់ទ្រាយនោះដែរ ដោយសារតែចំនួននៃលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់នេះមានច្រើន ដែលខុសពីតំបន់អភិវឌ្ឍន៍ថ្មីស្ថិតនៅក្បែរមហាវិថីសម្ដេចតេជោ ផ្លូវ៦០ម៉ែត្រ”។
បច្ចុប្បន្ននៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅតំបន់ចក្រអង្រែមានមជ្ឈមណ្ឌ លពាណិជ្ជកម្មមួយចំនួនបានលេចរូបរាងហើយ ដូចជា The Factory, WB Arena, Holiday Outlet ជាដើម។
លើកឡើងស្រដៀងគ្នានេះ លោក ខាត់ សុវណ្ណ អគ្គនាយកក្រុមហ៊ុន Camtop Property Group បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ដោយសារតែនៅក្នុងក្រុងមានភាពណែនណាន់ពិបាកធ្វើដំណើរ បានជំរុញឱ្យក្រុមហ៊ុនជាច្រើន ងាកទៅតាំងទីស្នាក់ការនៅតំបន់នេះ ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធអំណោយផល ជាពិសេសផ្លូវ៦០ម៉ែត្រ។
លោកបានបន្តទៀតថា “ដោយសារតែតម្រូវការ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន បានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នេះមានការកើនឡើង ក្នុងចន្លោះប្រមាណ៥០ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែសម្រាប់តម្លៃសំណង់លំនៅដ្ឋាន ដែលស្ថិតសងខាងផ្លូវជាតិលេខ២ មានការកើនឡើងតិចតួចប៉ុណ្ណោះ”។ លោកបន្តថា “នៅថ្ងៃខាងមុខនេះ ប្រសិនបើគម្រោងសាងសង់ស្ពានឆ្លងទន្លេថ្មីមួយខ្សែទៀត ដែលភ្ជាប់ពីតំបន់ព្រែកប្រា ខណ្ឌច្បារអំពៅ មកកាន់តំបន់ចាក់អង្រែ តម្លៃលំនៅដ្ឋាននៅទីនេះអាចនឹងមានការប្រែប្រួលច្រើន”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ការអភិវឌ្ឍក្នុងគម្រោងធំៗ នៅតំបន់ជាប់ផ្លូវជាតិលេខ២ គឺមានកំណត់ ដោយសារតែផ្ទៃដីទំនេរមិនមានច្រើន ហើយតម្លៃឡើងខ្ពស់ស្ថិតនៅក្នុងចន្លោះចាប់ពី៣០០០-៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលមិនអនុញ្ញាតដល់ឱកាសចំណេញលើការវិនិយោគនោះទេ។
លោកបញ្ជាក់ថា “ប្រសិនបើគេមានគម្រោងវិនិយោគធំៗ ភាគច្រើនអ្នកអភិវឌ្ឍន៍នឹងងាកទៅជ្រើសរើសតំបន់អភិវឌ្ឍន៍ថ្មី ខណៈដែលតម្លៃនៅទាប និងមានវិសាលភាពផ្ទៃដីនៅទំនេរច្រើន”៕






