ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនធំមួយដែលផលិតរថយន្ត Brand របស់រុស្សីសិក្សាទីផ្សារនៅប្រទេសកម្ពុជាផ្ទាល់នាពេលអនាគតដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងដើម្បីគ្រោងតំឡើងរោងចក្រផ្ទាល់នៅប្រទេសកម្ពុជា។

សិក្សាពីតំឡើងរោងចក្រផ្ទាល់នៅប្រទេសកម្ពុជានាពេលខាងមុខដ៏ខ្លីនេះត្រូវបានលើកឡើង អំឡុងលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុន Jet’s Group កាលពីម្សិលមិញ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធំមួយរបស់រុស្ស៉ី ដែលផលិតថយន្តទំនើបៗជាច្រើនម៉ូតល្បីៗប្រចាំប្រទេសរុស្សីផ្ទាល់ ដែលក្រុមហ៊ុនលោកឧកញ៉ា បាននាំចូលផ្តាច់មុខរថយន្តនេះចូលក្នុងទីផ្សារប្រទេសកម្ពុជា។
លោកឧកញ៉ា ស្រី ចាន់ថន បានជួបជជែកពិភាក្សាការងារមួយចំនួនជាមួយលោក អ៊ាត សីលា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសរុស្ស៉ី និងបានជជែកពិភាក្សាជួបជាមួយអ្នកវិនិយោគរុស្ស៉ី។

លោកឧកញ៉ា ស្រី ចាន់ថន ក៏បានលើកប្រាប់ទៅក្រុមហ៊ុនវិនិយោគរុស្សីថា ដោយសារកត្តារក្សាបាននូវសុខសន្តិភាព នឹងការអភិវឌ្ឍន៍កាន់តែរីកចម្រើន ទៅមុខជានិច្ចក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា បច្ចុប្បន្នទំនើប ស៉ីវិល័យ ជឿនលឿនមិនចាញ់បណ្ដាប្រទេសជិតខាងឡើយ និយាយជារួមខុសពីមុនដាច់ សូមអញ្ជើញអ្នកវិយោគបរទេសអញ្ជើញទៅទស្សនាមើលឃើញផ្ទាល់ភ្នែក នោះនឹងយល់ពីអ្វីដែលលោកឧកញ៉ាហ៊ាននាំផ្ដាច់មុខរថយន្តទំនើបមកកាន់កម្ពុជា។
លោកឧកញ៉ា សរសេរលើគណនី Facebook របស់លោកថា “ខ្ញុំបានជួបពិភាក្សាជាមួយក្រុមហ៊ុនធំមួយដែលផលិតរថយន្ត Brand ថ្មីល្បីប្រចាំប្រទេសរុស្សី ហើយបានឯកភាពនាំឲ្យខ្ញុំនាំចូលផ្តាច់មុខរថយន្ត Brand ថ្មីល្បី ចូលក្នុងទីផ្សារប្រទេសកម្ពុជាយើងឆាប់ៗនេះទៀត!”។
លោក បានបន្តថា “បន្ថែមលើសពីនេះទៀត ក្រុមហ៊ុនបានចាប់អារម្មណ៍និងសន្យាទៅសិក្សាទីផ្សារនៅប្រទេសកម្ពុជាផ្ទាល់នាពេលអនាគតដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងដើម្បីគ្រោងតំឡើងរោងចក្រផ្ទាល់នៅប្រទេសកម្ពុជាយើង”។
លោក បានបន្តទៀទថា “ខ្ញុំសង្ឃឹមថាប្រទេសកម្ពុជាយើងនឹងទទួលបានទីផ្សារទូលំទូលាយ និងមានរថយន្តទំនើបៗសេរីថ្មីមិនចាញ់ទីផ្សារបរទេសឡើយ”។
ជាការឆ្លើយតបក្រុមហ៊ុនដ៏ធំរបស់ប្រទេសរុស្សី បានសម្តែងការចាប់អារម្មណ៍ និងសន្យាទៅសិក្សាទីផ្សារនៅប្រទេសកម្ពុជា ដោយផ្ទាល់នាពេលដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងដើម្បីគ្រោងតំឡើងរោងចក្ររថយន្តផ្ទាល់នៅប្រទេសកម្ពុជា៕






