ដោយគង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅក្បែរទីក្រុងក្រចេះនឹងអាចចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២១ខាងមុខនេះ។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ ក្នុងសន្និសីទសារព៌តមានាព្រឹកថ្ងៃទី២១ កុម្ភៈនេះថា ការស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គ ឆ្លងកាត់ក្រុងក្រចេះនឹងសាងសង់នាចុងឆ្នាំនេះ និងអាចដើមឆ្នាំ២០២១ខាងមុខ។ រដ្ឋាភិបាលនឹងចចារជាមួយប្រទេសចិន ដើម្បីទទួលបានឥណទានសម្បទានមកសាងសង់ស្ពាននេះ ប៉ុន្តែការចចារនាពេលណាលោកមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ។
លោកបន្តថា ដោយឡែកការសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គមួយទៀត គឺស្ថិតនៅស្រុកស្ទឹងត្រង់ និងក្រូចឆ្មារសម្រេចបាន៨៤ភាគរយហើយ ដែលការចាក់ដំណតភ្ជាប់ស្ពាននេះ លោកនឹងគោរពអញ្ជើញសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នាពេលខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្តថា ស្ពានស្ទឹងត្រង់ ស្ថិតក្នុងខេត្តកំពង់ចាម តភ្ជាប់មកកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនឹងបញ្ចប់ការសាងសង់នាចុងឆ្នាំនេះ បើសិនជាគ្មានការប្រែប្រួលទេនោះ៕






