ដោយវុត្ថា
ភ្នំពេញៈ ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសអះអាងថា ក្រសួងបានចំណាយថវិកាប្រមាណជិត២០០លាន ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ក្នុងការថែទំា និងជួសជុលផ្លូវនៅទូទាំងប្រទសកម្ពុជា។

លោកស៊ុន ចាន់ថុល នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះឱ្យដឹងថា រដ្ឋាភិបាលបានចំណាយថវិកាច្រើនលើការជួយជុល និងថែទាំងផ្លូវប្រមាណជិត ២០០លានដុល្លារអាមេរិក ។
លោករដ្ឋមន្ត្រីថា “យើងធ្វើផ្លូវច្រើន យើងត្រូវការធ្វើការជួសជុល និងថែទាំច្រើនផងដែរ” ។ លោកបន្ថែមថា “បើសិនជាយើងកាត់បន្ថយបាននូវការដឹកជញ្ជូន លើសទំងន់ ដែលបណ្តាលឲ្យខូចផ្លូវ នោះនឹងនាំឲ្យយើង អាចសល់ថវិកាប្រមាណ២០០លានដុល្លារ ក្នុង១ឆ្នាំៗ ដើម្បីយកទៅសាងសង់សាលារៀន មន្ទីរពេទ្យ និងយកទៅធ្វើផ្លូវបានច្រើន”។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេសត្រូវបានស្ដារឡើងវិញ បន្ទាប់ពីការការបោះឆ្នោតឆ្នាំ១៩៩៣ជាប្រភេទផ្លូវ ពីរស្រទាប់ស្តើង(DBST) ក្នុងគោលបំណងតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយទៀតក្នុងផ្ទៃប្រទេស ដើម្បីជំរុញការដឹកជញ្ជូន ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ដោយសារសុខសន្តិភាព រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ បានធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនប្រកបដោយភាពរឹងមាំ ដែលនាំឱ្យមានកំណើនយានយន្ត វិនិយោគិន និងទេសចរផងដែរ កត្តានេះ ធ្វើឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពធ្វើសមាហរណកម្មក្នុងតំបន់ ជាពិសេសផ្លូវជាតិទាំងអស់ត្រូវបាន និងកំពុងលើកកម្ពស់គុណភាពពី DBST ទៅបេតុងកៅស៊ូ (AC) និងពង្រីកពី២គន្លងទៅ៤គន្លង៕






