លោកស៊ុន ចាន់ថុលៈការដោះស្រាយផលប៉ះពាលនៃផ្លូវក្រវ៉ាត់ក្រុងទី៣អស់លុយច្រើនជាងការសាងសង់

0

ដោយវុត្ថា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ៣០ភាគរយ ខណៈដែលអាជ្ញាធរពាក់ព័ន្ធបាន និងកំពុងដោះស្រាយប៉ះពាល់ជូនដល់ប្រជាពលរដ្ឋ ហើយផលប៉ះពាល់នេះ មានតម្លៃលើសពីតម្លៃនៃការសាងសង់។

លោកស៊ុន ចាន់ថុល នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះឱ្យដឹងថា ការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ នៅតាមបណ្តោយប្រវ៉ាត់ក្រុងទី ៣នេះ  ជាក្រុមការងារគណៈកម្មការដោះស្រាយផលប៉ះពាល់ ដែលដឹកនាំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកថា “ខ្ញុំលឺថាតម្លៃនៃការដោះស្រាយផលប៉ះពាល់ គឺខ្ពស់ជាងតម្លៃនៃការសាងសង់ផ្លូវទៅទៀត កន្លែងខ្លះ យើងអាចដូរខ្សែរផ្លូវបន្តិច ដើម្បីកាត់បន្ថយលើតម្លៃនៃការដោះស្រាយនេះឯង”។លោកបន្ថែមថា“ខ្ញុំឃើញថាមានការស្នើសុំកន្លែងនេះ មានផលប៉ះពា​ល់ច្រើនណាស់ ចឹងបើយើងអាចងាកបន្តិចបាន យើងងាកទៅតាមបច្ចេកទេស ដើម្បីកាត់បន្ថយការចំណាយរបស់យើង”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បើទោះមានការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងតម្លៃខ្ពស់យ៉ាងណាក៏ដោយ ក៏ដំណើរកៃការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងនៅតែប្រព្រឹត្តទៅជាធម្មតា និងចប់ទៅតាមផែនការដែលបានគ្រោងទុក។

លោកថា “រហូតមដល់ពេលរាល់គម្រោង ដែលយើងអនុវត្តរួចហើយ គឺគ្មានគម្រោ​ងណាមួយបញ្ចប់ ដោយលើសពីការគ្រោងទុកនោះទេ មានតែបញ្ចប់ឬលឿងជាងគម្រោងដែលយើងគ្រោងទុក” ។

រាជរដ្ឋាភិបាលកម្ពុជាឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ មានតម្លៃសាងសង់២៥៩លា​នដុល្លារ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវក្រវាត់ក្រុងទី៣នេះ ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការធ្វើចរាចរណ៍។ ពិសេស ផ្លូវក្រវាត់ក្រុងនេះ ក៏រត់កាត់ជិតគម្រោងព្រលានយន្តភ្នំពេញថ្មីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here