ដោយហ្សូលី
ភ្នំពេញៈ នៅឆ្នាំ២០២០នេះ កម្ពុជាបានជំនួយពីចិនប្រមាណ១៨៧ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ឱ្យមានភាពជឿនលឿននិងគុណភាពល្អ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសនៅក្នុងឱកាសសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី២១ កុម្ភៈនេះស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន»ថា“សម្រាប់ឆ្នាំថ្មី២០២០នេះ កម្ពុជាទទួលបានជំនួយពីចិនសរុប១៨៧លានដុល្លារ សម្រាប់ការស្តារ កែលម្អ និងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ភោធផ្លូវ ស្ពាន។”
លោកបន្ថែមថា “ជំនួយទាំងអស់នោះ ត្រូវបានកម្ពុជាយកមកបើកការដ្ឋានផ្លូវជាតិជាច្រើនដូចជា ផ្លូវជាតិលេខ១០ ផ្លូវ៧១c ផ្លូវ៤១ ផ្លូវ៣៣ ផ្លូវ៣១ និងស្ពាននៅក្រចេះ”។
លោកបន្តថា រីឯផ្លូវ ៥០cវិញមិនដឹងថា នឹងត្រូវដាក់ចូលនៅឆ្នាំណានោះទេ ប៉ុន្តែបើតាមគម្រោងគឺត្រូវបានពន្យាពេលហើយ។ ចំណែកផ្លូវ៥០c ផ្លូវ៧១ ផ្លូវពីស្គន់ទៅកំពង់ចាម ផ្លូវបួនគន្លង ក៏មានផែនការ៥ឆ្នាំ នឹងបានបញ្ជូនទៅភាគីចិនរួចស្រេច។
សមិទ្ធផល ដែលទទួលបានពីជំនួយរបស់ប្រទេសចិន បានបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញឬផលិតផលផ្សេងៗ មានភាពឆាប់រហ័សនិងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើនផងដែរ។
កាលពីឆ្នាំ២០១៩ កម្ពុជាបានទទួលប្រាក់កម្ចីហេដ្ឋារចនាសម្ព័ន្ធ ពីប្រទេសចិនសរុបជាង២.៨ពាន់លានដុល្លារ ដែលមានផ្លូវ៧៥ខ្សែ ប្រវែងជាង៧ពាន់គីឡូម៉ែត្រ និងស្ពានធំៗចំនួន១៩ ប្រវែងជាង ១៨គីឡូម៉ែត្រ។
ក្រៅពីចិន កម្ពុជាក៏ទទួលបានជំនួយ និងកម្ចីការប្រាក់ទាបពីបណ្តារប្រទេសជិតខាង និងស្ថាប័នមួយចំនួនដូចជា ថៃ វៀតណាម កូរ៉េ ជប៉ុន ធនាគារអភិវឌ្ឍ៍អាស៊ី ADB និង ធនាគារពិភពលោក(World Bank)ជាដើម៕






