ដោយហ្សូលី
ប្រទេសចិនៈ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានឱ្យដឹងថា គិតត្រឹមខែមករា និង កុម្ភៈ ឆ្នាំ ២០២០នេះ សេដ្ឋកិច្ចប្រទេសចិន ខាតបង់ទឹកប្រាក់ប្រមាណ១៨៥ពាន់លានដុល្លារទៅហើយ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការចំណាយរបស់អតិថិជននិងវិស័យទេសចរណ៍។

ការធ្លាក់ចុះនៃការចំណាយរបស់អតិថិជននេះ គឺសំដៅទៅលើការទិញទំនិញតាមប្រព័ន្ធអនឡាញ សេវាកម្មទៅលើវិស័យអប់រំនិងការកម្សាន្ត រួមទាំងចំណីអាហារ និងភេសជ្ជៈ ដែលធ្លាក់ចុះយ៉ាងគំហុកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយផលប៉ះពាល់នោះ ក្រុងប៉េកាំងបានប្រាប់រដ្ឋបាលក្នុងតំបន់ ឱ្យដាក់ចេញនូវវិធានការជំរុញ ដើម្បីជំរុញការលក់រថយន្តរួមទាំងការបង្កើនកូតាអាជ្ញាប័ណ្ណ នៅក្នុងតំបន់ដែលចំនួនត្រូវបានគេរឹតត្បិតពីមុន ដើម្បីជួយប្រឆាំងនឹងការបំពុលបរិយាកាស។
លោក Chen Wenling ប្រធានសេដ្ឋវិទូនៅមជ្ឈមណ្ឌលចិន សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចអន្តរជាតិ ដែលជាអ្នកគិតមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយនៅសប្តាហ៍នេះថា ទោះបីជាផលិតកម្មជាតិបានវិលត្រឡប់មក៨០ភាគរយវិញ នៅចុងខែកុម្ភៈក៏ដោយ ក៏កំណើនត្រីមាសនៅតែតិចជាង៤,៥ភាគរយ។
មន្ត្រីក្រសួងពាណិជ្ជកម្ម លោកវ៉ាង ប៊ីនបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលកណ្តាលរំពឹងថា ការចំណាយរបស់អតិថិជន នឹងធ្លាក់ចុះនៅខែមីនា មុនពេលស្ទុះងើបឡើងវិញនៅត្រីមាសទី២នៃឆ្នាំនេះ។

ទន្ទឹមនេះ លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានបង្ហើបនៅថ្ងៃអាទិត្យទី២៣ កុម្ភៈនេះថា លោកស្រីរំពឹងថាសេដ្ឋកិច្ចប្រទេសចិនអាចនឹងងើបឡើងវិញ ជាធម្មតានៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ដោយសារបច្ចុប្បន្នរដ្ឋាភិបាលចិន បានជម្រុញឱ្យប្រជាជនរបស់ខ្លួន ត្រូវត្រឡប់ទៅធ្វើការវិញ ទោះបីជាប្រទេសនេះ កំពុងរាលដាលដោយជម្ងឺកូរ៉ូណាក៏ដោយ ដើម្បីផ្គត់ផ្គង់និងជួយដល់សេដ្ឋកិច្ចប្រទេសចិនឡើងវិញ៕
ប្រភព(South China Morning Post & The Star)៕






