ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងការបង់ពន្ធចំពោះគ្រប់បណ្តាផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅទូទាំងខេត្តសៀមរាបក្នុងរយៈពេល៤ខែ ដើម្បីជាការចូលរួមទ្រទ្រង់ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមានដំណើរការបន្តទៀត ខណៈដែលកំណើនភ្ញៀវទេសចរមានការធ្លាក់ចុះជាង៦០ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្ដិភាព ថា ក្រោមហេតុផលនៃភាពភ័យខ្លាចឥទ្ធិលជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាគួរឱ្យកត់សម្គាល់ ដែលក្នុងនោះកំណើនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះជាង៦០ភាគរយ ដែលក្នុងនោះទេសចរជនជាតិចិនមានការធ្លាក់ចុះប្រមាណ៩០ភាគរយ ជាពិសេសខេត្តសៀមរាប។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា “សម្រាប់តែខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមគាំទ្រដល់ម្ចាស់អាជីវកម្មផ្ទះសំណាក់ និងសណ្ឋាគារគ្រប់ប្រទេសនៅទូទាំងខេត្ត ដោយការលើកលែងការបង់ពន្ធក្នុងរយៈពេល៤ខែ (រដ្ឋាភិបាលជាអ្នកបង់ពន្ធជំនួស) ហើយក៏មិនត្រូវបានធ្វើសវនកម្មលើអាជីវកម្មផងដែរ ប៉ុន្តែសម្រាប់ការប្រកាសពីដំណើរប្រតិបត្តិការអាជីវកម្ម នៅតែបន្តប្រកាសជូនដដែល”។
ជាមួយគ្នានេះ ដើម្បីជួយគាំទ្រដល់ និងជំរុញកំណើនទេសចរក្នុងខេត្តសៀមរាប សម្ដេចបានជំរុញឱ្យមន្ត្រីក្រសួងស្ថាប័នរដ្ឋ ត្រូវកាត់បន្ថយការធ្វើដំណើរទៅចូលរួមប្រជុំក្រៅប្រទេស ហើយបង្កើនសកម្មភាពនៅក្នុងស្រុក ពិសេសរៀបចំកិច្ចប្រជុំ នៅតាមខេត្ត ពិសេសនៅខេត្តសៀមរាប
។ ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការសកម្មភាព ទាក់ទាញភ្ញៀវទេសចរ នៅខេត្តសៀមរាប។ ត្រង់ចំណុចនេះ សម្តេចតេជោ ប្រកាសថា អង្គរសង្ក្រាន្តឆ្នាំ២០២០ នេះ ថ្នាក់ជាតិ មិនអាចធ្វើបានទេ ប៉ុន្តែសម្រាប់ខេត្តសៀមរាបគួរមានការរៀបចំដោយខ្លួនឯង ហើយត្រូវរក្សាថ្លៃសំបុត្រ ចូលទស្សនាអង្គរ ឱ្យនៅដដែល តែបន្ថែមថ្ងៃ។ សម្រាប់ ១ ថ្ងៃ អាចចូលមើលបាន ២ថ្ងៃ។ សំបុត្រ ចូលមើល ២ ថ្ងៃ អាចចូលមើលបាន ៥ថ្ងៃ ហើយសំបុត្រ ចូលមើល ៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ។ ក្រសួងទេសចរណ៍ ត្រូវរៀបចំបណ្តុះបណ្តាលបុគ្គលិកផ្នែកទេសចរណ៍នូវមុខវិជ្ជាថ្មី ឬបង្កើនចំណេះដឹងបន្ថែម។
អ្វីដែលសំខាន់ គ្រប់បណ្តាផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់គួរតែមានការពិចារណាទៅលើការបញ្ចុះតម្លៃឱ្យបានទាបតាមដែលអាចធ្វើបាន ជៀសវាងរក្សាតម្លៃថ្លៃ ប៉ុន្តែទុកបន្ទប់ចោលគ្មានចូលស្នាក់នៅ៕







ចុះស្ថាបនផ្សេងៗទាក់ទងនឹងទេសចរណ៍ ? ភោជនីយដ្ឋាន សេវាកម្មទេសចរណ៍ មិនមែនតែសណ្ឋាគារនិងផ្ទះសំណាក់តែមួយផ្នែកដែលប៉ះពាល់នោះទេ សម្តេច ជួយមើលផង