ដោយវុត្ថា
ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ថា នឹងមិនចរចាយកប្រព័ន្ធអនុគ្រោះ EBA មកវិញទេ បន្ទាប់សហភាពអឺរ៉ុប់បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា កាលពី ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងនេះលើផ្នែកខ្លះនៃមុខទំនិញរបស់កម្ពុជាដែលនាំចេញទៅកាន់សហភាពអឺរ៉ុប។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឱ្យដឹងថា រាជរដ្ឋាភិបាលបានត្រៀមបំរ៉ុងរួចហើយ នូវវិធានការចាំបាច់ ក្នុងការដោះស្រាយចំពោះការមិនមាន EBA ដែល សហភាពអឺរ៉ុប បានព្យួរ និងមិនចរចាយកត្រឡប់មកវិញទេ។
សម្តេចតេជោថា “សូមបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជា និងអ្នកនយោបាយកម្ពុជាឱ្យបានជ្រាបថា កម្ពុជានឹងមិនស្នើត្រឡប់មកវិញនូវ EBA ២០ ភាគរយ នោះទេ ។ នេះ គឺការឆ្លើយតបយ៉ាងច្បាស់ ដោយកុំធ្វើចលនាអ្វីទាំងអស់ ។ អ្នកនយោបាយកម្ពុជា ត្រូវដឹងថា ខ្មោចដែលវាងាប់ទៅហើយ វារស់ឡើងវិញអោយសោះ សុំកុំរង់ចាំ”។
សម្តេចតេជោ បន្តថា “កម្ពុជាបានត្រៀមស្មារតីដោះស្រាយទៅលើបញ្ហាការបាត់បង់ EBA ប្រមាណ ២០ភាគរយ សម្រាប់ ៨០ ភាគរយទៀត យើងនាំចូលទៅជាធម្មតា ២០ ភាគរយត្រូវបង់ពន្ធឱ្យគេ”។
សម្តេចបញ្ជាក់ទៀតថា “ខ្ញុំសូមបញ្ជាក់លើចំណុចនេះ កម្ពុជា មិនអាចយកច្បាប់របស់ខ្លួន អធិបតេយ្យរបស់ខ្លួន ទៅដោះដូរនូវភាពអនុគ្រោះពន្ធ ២០ភាគរយត្រឡប់មកវិញទេ។ អ្នកសម្រេចក៏សម្រេចទៅចុះ ហើយហ៊ុន សែនមិនមានការស្នើសុំឱ្យមានការយោគយល់ថា បោះឆ្នោតជំទាស់ ឬប្រឆាំងអ្វីនោះទេ គឺអនុវត្តចុះ ប៉ុន្តែអ្នកត្រូវយល់ថាកម្ពុជាក៏មានផ្លូវដើររបស់កម្ពុជាដែលខ្លួនបានជ្រើសរើសរួចហើយដែរ”។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនីកុំឱ្យមានការព្រួយបារម្ភចំពោះការបាត់បង់ EBA នេះ ព្រោះរាជរដ្ឋាភិបាលមានវិធានការរួចហើយ ក្នុងការដោះស្រាយជូន។
គណៈកម្មាការសហភាពអឺរ៉ុបកាល ១២ ខែកុម្ភៈឆ្នាំ ២០២០ កន្លមកនេះ បានសម្រេចព្យួរផ្នែកខ្លះនៃ EBA ពីកម្ពុជា ដែលមានប្រមាណ ២០ភាករយ នៃមុខទំនិញរបស់កម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុប ៕






