សម្តេច ហ៊ុន សែន លាតត្រដាងសំណូមពរ៣ចំនុច ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោយការដក EBA

0

ដោយ ហ្សូលី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរចំនួន៣ ចំនុច ទៅកាន់រដ្ឋាភិបាលចិនកាលពីសម្តេចបានចុះទៅទស្សនកិច្ចនៅក្រុងប៉េកាំង កាលពីថ្ងៃទី ៥កុម្ភៈ ពាក់ព័ន្ធរឿងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ។ នេះបើតាមការថ្លែងរបស់សម្តេចក្នុងឱកាសថ្លែងសារពិសេសជូនជនជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលប្រព្រឹត្តឡើងនៅវិមានសន្តិភាព ព្រឹកថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២០។

សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា “ ខ្ញុំបាននិយាយជាមួយមិត្តចិន៣ចំនុចដែលខ្ញុំសុំលាតត្រដាងនៅពេលនេះ មានដូចជា៖ ទី ១ ដោយសារចិនបានវិនិយោគប្រមាណ៧០ភាគរយនៃរោងចក្រ ដូច្នេះសុំចិនផ្តល់ការគាំទ្រទៅដល់រោងចក្រទាំងឡាយរបស់ចិន កុំឱ្យរត់ចោលកម្ពុជា ក្នុងពេលកម្ពុជាបាត់បង់ EBA។”

សម្តេចបន្តថា “ទី២ សុំចិនជម្រុញអ្នកវិនិយោគបន្ថែមមកកាន់កម្ពុជា មិនមែនមែនគ្រាន់តែសម្តៅទៅលើបញ្ហាសម្លៀកបំពាក់ទេ ឱ្យវិនិយោគលើបញ្ហាបច្ចេកវិទ្យា វិទ្យាសាស្រ្ត ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ផលិតសម្ភារពេទ្យ មួយថ្ងៃៗដឹកចេញយកទៅបម្រើឱ្យប្រទេសចិនវិញ យើងចង់បានបែបនេះ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សាររបស់ចិន។”

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ទៀតថា “ទី ៣បើកចំហរទីផ្សាររបស់ចិនឱ្យធំ តាមរយៈនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានកំពុងព្រៀងចរចាជុំទី១ ប៉ុន្តែមុនចំណុចនោះត្រូវពង្រីកមុខទំនិញដែលអាចធ្វើទៅបាន តាមរយៈទំនាក់ទំនងទ្វេរភាគីផង តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលយើងត្រូវប្រើឱ្យអស់សក្តានុពល។”

លើសពីនេះ សម្តេចសង្ឃឹមថា មិត្តចិននឹងនៅតែបន្តជួយកម្ពុជា បើទោះបីជាជួយមិនបានទាំងអស់ ក៏ប៉ុន្តែអាចសម្រាលនៅការលំបាកនិងជួយពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here