សម្ដេចតេជោជំរុញឱ្យមានការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់សហគ្រាស ធុនតូច និងមធ្យម

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្របទៅនឹងការទទូចចង់បានពីវិស័យឯកជន សម្ដេចតេជោហ៊ុន សែន បានបង្ហាញពីការគាំទ្រ និងជំរុញយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យបណ្តាសហគ្រា​ស​ធុនតូច និងមធ្យម មានលទ្ធភាពរឹងមាំនៅក្នុងដំណើរអាជីវកម្ម ដែលជាផ្នែកមួយយ៉ាងសំខាន់នៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ក្នុងការថ្លែងសារពិសេសជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះថា វិស័យសហគ្រាសធុនតូច និងមធ្យម គឺនៅមានសក្ដានុពលសម្រាប់ភាពរីកចម្រើន ដែលត្រូវតែមានការលើកទឹកចិត្ត និងជំរុញគាំទ្រយ៉ាងចិត្តទុកដាក់។

សម្តេចបន្តថា “រាជរដ្ឋាភិបាលមានបំណង ចង់ប្រែក្លាយសហគ្រាសធុន និងមធ្យម ឱ្យទៅជាកម្លាំងចលករ ជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ការងារកាន់តែច្រើនដល់ពលករកម្ពុជា និងមានលទ្ធភាពផលិតនូវទំនិញកាន់តែច្រើនជំនួសឱ្យការនាំចូល”។

សម្ដេចបានមានប្រសាសន៍បន្តទៀតថា ក្នុងគោលដៅនេះ រដ្ឋាភិបាលដាក់ចេញនូវវិធានការណ៍ដូចជា រៀបចំបង្កើតគណៈកម្មាធិការ សកម្មភាពគោលនយោបាយ ដើម្បីជំរុញ និងអភិវឌ្ឍន៍សហគ្រាសធុន និងមធ្យម ដែលមានសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធសំខាន់ៗ នៅក្រោមការដឹកនាំផ្ទាល់របស់ ប្រធានគណៈកម្មាធិការគោលនយោ​បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្តេចបន្តថា គណៈកម្មាធិការនេះ នឹងដាក់ចេញនូវវិធានការជាក់ស្ដែង ពាក់ព័ន្ធនឹងការជំរុញ និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម តាមដានអនុវត្ត និងស្នើចេញនូវវិធានការកែសម្រួលតាមការចាំបាច់។

នៅក្នុងកិច្ចគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យដំណើរការនូវធានាគារសហគ្រាសធុន និងមធ្យម ឱ្យបានឆាប់ជាមួយនឹងការរៀបចំជាកម្មវិធីហិរញ្ញប្បទាន ពិសេសដែលមានទឹកប្រាក់រហូតដល់៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីមានការប្រាក់ទាបដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យឧស្សាហកម្ម ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមទាំងនោះមានលទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាពប្រកួតប្រជែង។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានសម្ដែងពីការសាទរ ទៅនឹងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល មកលើវិស័យឯកជន ដែលកំពុងតែមានភាពប្រឈម។

លោកឧកញ៉ាបន្តថា “គោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញខាងលើនេះ គឺជាក្ដីប្រាថ្នារបស់វិស័យឯកជនជាយូរណាស់មកហើយ ដែលជាការលើកទឹកចិត្តយ៉ាងខ្លាំង ក្នុងការជំរុញឱ្យវិស័យសហគ្រាសធុនតូច និងមធ្យមមានឱកាសក្នុងការបង្កើនផលិតភាពរបស់ខ្លួនដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារ”។

លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍បន្តទៀតថា ការចូលរួមពីសំណាក់រ  ដ្ឋាភិបាល ជាពិសេសការជួយសម្របសម្រួល លើការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាប គឺសុទ្ធតែជាចំណុចសំខាន់ ដែលវិស័យឯកជនចង់បាន។ បន្ថែមពីនេះទៀត មានបណ្តាសហគ្រិនជាច្រើន ចង់បានច្បាប់សម្របសម្រួលបន្ថែមទៅលើគោលនយោបាយ  SME ប្រមូលផ្តុំ ដូចជាការលើកលែងពន្ធ ការកាត់បន្ថយតម្លៃអគ្គិសនី ក៏ដូចជាការជួយសម្រួលទៅលើកិច្ចដំណើរការឯកសារផ្សេងៗ ដូចគ្នា ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ ទាំងអស់នេះ សុទ្ធតែជាចំណុចសំខាន់សម្រាប់វិស័យឯកជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here