ដោយៈ រ៉ាណេត
ភ្នំពេញៈ ការស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីទី១ ដែលនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ នៅអំឡុងដើមខែមីនា ឆ្នាំ២០២០ខាងមុខនេះ ដែលអាចជួយសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះបានយ៉ាងច្រើននៅចំណុចនេះផងដែរ។

យោងតាមព៌តមាន ដែលបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម របស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃទី២៤ កុម្ភៈនេះថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេងនេះ បានធ្វើឡើងដោយសារតែបច្ចុប្បន្ននេះ រាជធានីភ្នំពេញមានកំណើនយានយន្តរបស់ប្រជាពលរដ្ឋកើនឡើងយ៉ាងខ្លាំង ធ្វើឱ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមបានកើតឡើងជារៀងរាល់ថ្ងៃ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះ។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា ក្រុមការងារជំនាញបាន និងកំពុងធ្វើការងារយ៉ាងសកម្មទាំងថ្ងៃទាំងយប់ ដោយជាលទ្ធផលរហូតមកដល់ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារជំនាញបានធ្វើការអ៊ុតកៅស៊ូលើស្ពាន និងគូសគំនូសចរាចរណ៍ដែលភ្ជាប់ពីមហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម។ ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ ម៉ែត្រ សរុប២០០ម៉ែត្រ ដែលស្ពាននេះមានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ។

រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ កន្លែងរួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាន និងកំពុងសម្រុកដំណើរការសាងសង់យ៉ាងសកម្ម ដូចគ្នាទៅនឹងស្ពានអាកាសក្បាលថ្នល់នេះដែរ៕






