ដោយគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើដល់ក្រុមហ៊ុនដែលធ្វើការ អភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ពិនិត្យលទ្ធភាពក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះជាចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះផ្ទះដែលមានតម្លៃ៧ម៉ឺនដុល្លារចុះក្រោមរយៈពេល១ឆ្នាំ។

សម្តេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈកន្លងមកថា ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់ផ្ទះក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារសម្រាប់រយៈពេល១ឆ្នាំនេះ អនុវត្តន៍ចាប់ខែកុម្ភៈ ឆ្នាំ២០២០ដល់ខែមករា ឆ្នាំ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលចុះបញ្ជីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “រាជរដ្ឋាភិបាលសូមអំពាវនាវ ដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការមិនយកពន្ធប្រថាប់ត្រារយៈពេល១ឆ្នាំនេះ គឺសំដៅឲ្យអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក។
អ្នកជំនាញនានាក្នុងវិស័យអចលនទ្រព្យបានអះអាងផងដែរថា តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋាននៅកម្ពុជាមានតម្លៃខ្ពស់ខ្លាំង បើធៀបនឹងផលទុនសំរាប់ប្រជាជនកម្ពុជាម្នាក់ក្នុងមួយឆ្នាំៗ ដែលមានត្រឹមប្រមាណ១៧០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយឆ្នាំ ប៉ុន្តែតម្លៃអចលនទ្រព្យបានកើនឡើងលើសពីអ្វី ដែលជាផលចំណូលរបស់ប្រជាជនទទួលបានប្រចាំឆ្នាំ។

អ្នកវិភាគអចលនទ្រព្យឯករាជ្យលោកយិន លាងគង់បានមានប្រសាសន៍ថា តម្លៃអចលនទ្រព្យនៅកម្ពុជាពិតជាបានកើនឡើងខ្ពស់ ធៀបនឹងកំនើនសេដ្ឋកិច្ច ពិសេសប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ហើយការកើនឡើងនៃតម្លៃអចលនទ្រព្យនៅកម្ពុជា គ្មានមូលដ្ឋានច្បាស់លាស់នោះទេ ព្រោះម្ចាស់អចលនទ្រព្យជាអ្នកដាក់តម្លៃដោយខ្លួនឯង។
លោកបន្តថា “គេមិនអាចយកតម្លៃអចលនទ្រព្យកម្ពុជា ធៀបជាមួយប្រទេសជិតខាងនោះទេ ព្រោះទំហំសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា មានកម្រិតណាស់ ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសជិតខាង”៕






